ខេត្តពោធិ៍សាត់៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញ និងប្រជាពលរដ្ឋនៅតែអាចដឹកជញ្ជូនឈើពីស្រុកវាលវែង និងពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថាលោក សួស សុផានិត ដែលទើបត្រូវបានតែងតាំងជានាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ កំពុងប្រើប្រាស់តួនាទីដើម្បីប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងរលូនព្រោះលោក សួស សុផានិត គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួននិងបែងចែកទៅថ្នាក់លើជាប្រចាំ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជានាយផ្នែករដ្ឋបាលព្រៃឈើក្រវាញរួចមក គឺលោក សួស សុផានិត មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឡើយ ហើយបានចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ជាប្រភពចំណូលរបស់ខ្លួនទៅវិញ។ ជាងនេះទៅទៀតសូម្បីតែប្រជាពលរដ្ឋដែលដឹកអុស ដឹកឈើបន្តិចបន្តួច ដើម្បីបានប្រាក់ចំណូលទិញអង្ករច្រកឆ្នាំង ក៏ត្រូវលោក សួស សុផានិត ជំរិតយកលុយដោយគ្មានការយោគយល់ឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង។
ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក សួស សុផានិត ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកទាំង២នេះ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ។ ជាពិសេសលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ កំពុងចាត់ទុកសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញទាំងនោះជាប្រភពចំណូលរបស់ខ្លួន ហើយឃុបឃិតឲ្យឈ្មួញបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើខុសច្បាប់តាមអំពើចិត្តតែម្តង។
ចំណែកលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏ដូចជាលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល ក្នុងខណៈដែលបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាល ។
បើទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពមិនថមថយរបស់លោក សួស សុផានិត មិនទទួលបានការស្តីបន្ទោស ឬណែនាំពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ពិសេសរដ្ឋបាលព្រៃឈើនោះឡើយ ។ ហេតុដូច្នេះហើយទើបបានជាលោកសួស សុផានិត នៅតែបន្តធ្វើព្យុះធ្វើភ្លៀង ក្នុងទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជារៀងរាល់ថ្ងៃនោះ ។ លោកសួស សុផានិត មិនអាចទាក់ទងដើម្បីបំភ្លឺបានទេ ៕ហេង សូរិយា