ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ធំ​ធ្វើមិនដឹងអំពីករណី លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើធ្វើជាខ្នងឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន រកស៊ីល្មើសច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈើឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងធ្វើសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ហើយដឹកជញ្ជូនចូលមកចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញ២នាក់ប្ដីប្រពន្ធខាងលើនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជាខ្នងបង្អែកយ៉ាងរឹងមាំ ហើយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតក៏ទទួលបានផលប្រយោជន៍ផងដែរ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន នៅតែបន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរកា និងព្រៃឡង់ដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។

អាជ្ញាធរខេត្តកំពង់ធំ​លោក សុខ លូ បានត្រឹមតែក្រើនរំលឹក​មន្ត្រី​រដ្ឋបាលព្រៃឈើ​ឲ្យបង្ក្រាបបទល្មើស ប៉ុន្តែទិដ្ឋភាពជាក់ស្តែងបទល្មើសនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ ប្រការនេះ​គឺវាប្រៀបដូចជាការបិទភ្នែកឲ្យមានបទល្មើសជាថ្នូរនឹងផលប្រយោជន៍ណាមួយ ។ ការដែលលោកអភិបាលខេត្ត​បានត្រឹម​ស្រែកបញ្ជានៅសាលាខេត្តនោះគ្មានប្រសិទ្ធភាពទេ គួរតែ​ចុះទៅពិនិត្យ​ជាក់ស្តែងដោយស្ងាត់ៗ ថា តើសេចក្តីរាយការណ៍អំពីបទល្មើស​នេសាទក្តី ព្រៃឈើក្តី ពិតដែរឬទេ? ប្រសិនបើ​ស្តាប់​តែរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមនោះ ថ្ងៃណាមួយ ការដឹកនាំ នឹងជួបបរាជ័យ ។ លោកអភិបាលខេត្ត​មិនគួរជឿតែលើរបាយការណ៍នោះទេ ពីព្រោះថាបទល្មើសព្រៃឈើ និងនេសាទក្នុងខេត្តកំពង់ធំ កំពុងកើតមានខ្លាំងក្លាណាស់ ។

ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន បានបង្ហើបឲ្យដឹងថា មន្ត្រីជាន់ខ្ពស់និងសមត្ថកិច្ចជាន់ខ្ពស់ជាច្រើននាក់ក្នុងខេត្តកំពង់ធំ បានចាត់ទុកឈ្មួញឈើ២នាក់ប្ដីប្រពន្ធខាងលើនេះ ជាប្រភពចំណូលរបស់ពួកគេទើបពួកគេមិនហ៊ានប៉ះពាល់ឈ្មួញទាំង២នាក់នេះ។ ប្រភពបានឲ្យដឹងទៀតថា អភិបាលខេត្តកំពង់ធំ លោក សុខ លូ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ព្រមទាំងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រហែលជាទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ទើបបណ្ដោយឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្ត។

ជាក់ស្ដែងក្នុងខណៈដែលឈ្មួញដទៃទៀតផ្អាកសកម្មភាពជាបណ្ដើរៗនោះ គឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឡង់និងព្រៃព្រះរកា ដោយគ្មានញញើតអ្វីឡើយ។ ទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដឹកជញ្ជូនឈើកាន់តែខ្លាំងឡើងៗហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពដែលស្និទ្ធនឹងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ដោយសារតែលោក ប៊ុន សុធី ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ទើបប្រឹងប្រែងប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងតក់ក្រហល់។ ជាក់ស្ដែងលោក ប៊ុន សុធី ត្រូវបានគេដឹងថា ជាខ្នងបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ទើបឈ្មួញ២នាក់ប្ដីប្រពន្ធនេះអាចបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា មកចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ធំ យ៉ាងរលូន។ ប្រសិនបើគ្មានលោក ប៊ុន សុធី ជាខ្នងបង្អែកទេនោះ គឺឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

ជុំវិញបញ្ហាខាងលើនេះដែរ ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា មានសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀតដូចជា សមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចអាវុធហត្ថ ក៏ជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះដែរ។ អាចនិយាយបានថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ខាងអាវុធហត្ថនិងខាងនគរបាល គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន បង្កើនសកម្មភាពបំផ្លាញព្រៃឡង់និងព្រៃព្រះរកា យ៉ាងមហន្តរាយ។

ដូច្នេះថ្នាក់ដឹកនាំក្រសួងកសិកម្ម និងប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះសព្វថ្ងៃនេះឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងបំផ្លាញព្រៃឡង់ ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ យ៉ាងពេញបន្ទុកគ្មានញញើតអ្វីឡើយ៕ ហេង សូរិយា

ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន


ចែករំលែក៖