ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទាស់ពាក្យសម្ដីជាមួយបងបង្កើតខ្លួនឯង យកកាំបិតកាប់បណ្ដាលឲ្យរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំឡូឡារំខានដល់អ្នកជិតខាង គ្រាន់តែបងប្រាប់ណែនាំបន្តិចបន្តួចខឹងរហូតយកកាបិតផ្គាក់កាប់ទៅលើបងប្រុសខ្លួនឯងបណ្ដាលឲ្យរបួសយ៉ាងដំណំ ។​

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះឈ្មោះ សាត អៀ ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។​

មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាត សយ ហៅត្រឡិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ត្រូវជាប្អូនជនរងគ្រោះ) រីឯជនរងគ្រោះឈ្មោះ សាត អៀ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាបងបង្កើតជនសង្ស័យ) ។​ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។​ វត្ថុតាងដកហូតបានកាំបិតផ្គាក់ដងឈើចំនួន១ ។​

ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង២០និង១០នាទី ជនសង្ស័យឈ្មោះ សាត សយ មានសភាពស្រវឹងស្រាជោគជាំ បានដើរមកផ្ទះជនរងគ្រោះ ហើយបាននិយាយឡូឡាខ្លាំងៗរំខានដល់អ្នកជិតខាង ភ្លាមនោះជនរងគ្រោះជាបងបានបានណិយាយណែនាំដល់ជនសង្ស័យកុំឲ្យឡូឡារ ខណៈនោះជនសង្ស័យខឹងក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមកជាមួយបងប្រុសនិងបានប្រតាយប្រតបគ្នា រហូតធ្វើឲ្យជនសង្ស័យទ្រាំពុំបានក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះជាបងចំជើងខាងស្តាំក្រោមក្បាលជង្គង់បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង បង្កភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមកជួយអន្តរាគមន៍ចាប់ខ្លួន ។​

ក្រោយពីកម្លាំងប៉ុស្តិ៍ទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ រួចបានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកស្រុកស្អាងដើម្បីព្យាបាលរបួស ។​ ចំណែកជនសង្ស័យបាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំដើម្បីសាកសួរ ។​

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវិធី ៕ស្អាងជ័យ


ចែករំលែក៖