ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សួរសុខទុក្ខវីរយុទ្ធជនការពារព្រំដែនកម្ពុជា-ថៃ ជួរមុខទិសប្រាសាទព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកប្រតិភូមកសួរសុខទុក្ខ និងស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅរបស់វីរយុទ្ធជនការពារព្រំដែនជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសប្រាសាទព្រះវិហារ។

នៅក្នុងដំណើរអញ្ជើញសួរសុខទុក្ខនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អមដំណើរដោយលោក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកិច្ចការងារព្រំដែន លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គនាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តព្រះវិហារ លោក ឧត្តមសេនីយ៏ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមនិងប្រតិភូជាច្រើនស្ថាប័នមួយចំនួនទៀត។

ក្រោមកិច្ចធ្វើបទបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ដីអំពីស្ថានភាពភូមិសាស្រ្ត ការរស់នៅរបស់បងប្អូនវីរយុទ្ធជន តាមបណ្តោយខ្សែត្រៀមជួរមុខ និងខិតខំបន្តកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងកម្ពុជា ជាមួយនឹងកងកម្លាំងប្រទេសថៃ បញ្ចៀសបាន នូវការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ សំដៅរក្សាសន្តិសុខ សុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានថ្លែងការវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនជួរមុខកម្ពុជា-ថៃ ក្នុងការខិតខំពង្រឹងទំនាក់ទំនងជាមួយកងកម្លាំងនៃប្រទេសជិតខាង បានយ៉ាងល្អប្រសើរ។

បន្ថែមពីនោះបាននិងកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងប្រព័ន្ធធារាសាស្រ្ត និងផ្លូវឡើងកំពូលភ្នំទ្រព្យ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូន វីរយុទ្ធជនសម្រាប់ដំណើរទៅមក និងប្រើប្រាស់បានគ្រប់គ្រាន់។

តាមរយៈការជួយឧបត្ថម្ភគាំទ្រពីសំណាក់ក្រសួងស្ថាប័នរដ្ឋ ស្ថាប័នស៊ីវិល រួមនិងសប្បុរជន ពីសមរភូមិក្រោយ ជូនចំពោះបងប្អូននៅសមរភូមិមុខជាបន្តបន្ទាប់ទៀត៕


ចែករំលែក៖