ភ្នំពេញ៖ មន្ត្រីនគរបាលជាជនបង្កបាញ់បោះសេរីម្នាក់ ឈ្មោះ ឌិន វណ្ណណូរ៉ា ភេទប្រុស ៣៨ឆ្នាំ ជាមន្ត្រីនគរបាល ឋានន្តរសក្ដិ វរសេនីយ៍ឯក (សក្តិ៥) មានតួនាទី ជានាយការិយាល័យភស្តុភារ នៃអគ្គនាយយកដ្ឋានអត្តសញ្ញាណកម្ម បានដកកាំភ្លើងបាញ់បញ្ចេញកំហឹង ទៅលើរថយន្តរបស់ខ្លួន ម៉ាក Toyota Highlander ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2U-3913 ចំនួន១០គ្រាប់ មុនពេលរត់គេចខ្លួនបាត់ ។
ការដែលជននេះអាម៉េកាំភ្លើងបាញ់១០គ្រាប់នោះ ដោយសារខឹងអ្នកមានគុណ (ម្តាយ) របស់គេ ស្តីបន្ទោសរឿងចូលខារ៉ាអូខេពេក ក៏កើតក្តៅស្លឹកត្រចៀកតែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 11 និង១៥យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខារ៉ាអូខេពិភពរាត្រី តាមបណ្តោយផ្លូវលេខ 173 ក្នុងសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសដែលជាមន្ត្រីខាងលើ បានដើរចូលក្នុងខារ៉ាអូខេ ស្រាប់តែមួយសន្ទុះក្រោយមក មានម្ដាយចូលមកដល់ក្នុងបន្ទប់ខារ៉ាអូខេ ហើយបានស្ដីបន្ទោស មួយសន្ទុះក្រោយមក ក៏ឃើញបុរសខាងលើនេះដើរចេញមកក្រៅ រួចបានដកកាំភ្លើងរបស់ខ្លួនបាញ់ទៅលើ រថយន្តម៉ាកហាយឡែនឌ័រ របស់ខ្លួនបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង មុនពេលរូបគេរត់គេចខ្លួនបាត់សម្រោលពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុ ស្រាវជ្រាវរករកជនបង្កបាញ់បោះសេរីនោះដើម្បីយកមកចាត់ការទៅតាមនីតិវិធី ៕ សរស្មី