ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តឡិចស៊ីស RX300 ទៅបុករះរថយន្តទំនើប និងម៉ូតូឥណ្ឌា ព្រមទាំងទំលុះចូលផ្ទះចម្លាក់ខ្មែរ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញមានថយន្តស៊េរីទំនើបម៉ាក PORSCHE (ផច) និងម៉ូតូឥណ្ឌា បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0258 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង និងធ្វើដំណើរមកតាមក្រោយយ៉ាងលឿន ហើយ ក៏ជ្រុលចង្កូតបុកម៉ូតូឥណ្ឌាបញ្ឆិតពីក្រោយ ធ្វើឲ្យម៉ូតូឥណ្ឌារុញទៅបុករថយន្តស៊េរីទំនើបម៉ាក ផច បណ្ដាលឲ្យរងការខូចខាត រីឯរថយន្តបង្កវិញ បានទៅបុកទំលុះផ្ទះចម្លាក់ខ្មែរ ដែលរចនាម៉ូតពីថ្ម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ តៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅស្នងការរាជធានីភ្នំពេញ ព្រមទាំងវាស់វែងយករយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូឥណ្ឌារងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ