ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេម៉ាយម្នាក់ ត្រូវជនមិនស្គាល់មុខរឹតកសម្លាប់ មិនដឹងមូលហេតុ

ចែករំលែក៖

ប៉ោយប៉ែត៖ ស្ត្រីម្នាក់ ត្រូវឃាតក មិនស្គាល់មុខ បានសម្លាប់ រួចអូសទៅដាក់ក្នុងវាលស្រែ ហើយសពជន​រងគ្រោះ ត្រូវគេប្រទះឃើញនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ត ភូមិឈ្នួរ ​ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រង់ម្តុំត្រពាំងក្បាលក្របីខាងលិច ភូមិប្រហែលជាង២០០០ម៉ែត្រ នៅខាងត្បូងផ្លូវជាតិលេខ៦ប្រហែល១០០០ម៉ែត្រ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលឃុំឈ្នួរមានជ័យ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឃូន ឃីន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឈ្នួរឃុំឈ្នួមានជ័យ​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយ ។

មុនពេលកើតហេតុ បើតាមការបំភ្លឺ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា នៅម៉ោងប្រហែល៩ព្រឹក ក្រោយពេលហូបបាយរួច ជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅរកត្រីនៅឯវាលស្រែ ដោយបាចទឹក តាមប្រឡាយ ដើម្បីចាប់ត្រី លុះដល់ល្ងាច មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញទេ ហើយនៅម៉ោង៦យប់ កូនបានចេញទៅរកនៅឯវាលស្រែ រហូតដល់ម៉ោង៧ និង៣០នាទីយប់ បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ ដើមស្រូវដែលមានម្ចាស់ស្រែឈ្មោះ ភូ នាម ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ ឃើញសពជនរងគ្រោះបានដេកស្លាប់នៅក្នុងស្រែខាងកើតភ្លឺស្រែ ចំងាយ៧ម៉ែត្រ ក្បាលសណ្តូកទៅកើត ផ្កាប់មុខ មានចងដៃទាំងពីរមកក្រោយ ដោយខ្សែសម្រាប់ចងស្បែកជើង ពណ៌ស នៅត្រង់ក មានស្នាមចងរឹតកដោយខ្សែនីឡុង ពណ៌លឿង នៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ ។

តាមការពិនិត្យជនរងគ្រោះ អាចជនល្មើសវាយឲ្យដួល រួចចាប់ចងដៃមកក្រោយ ហើយយកខ្សែចងរឹតកសម្លាប់​ក្នុងប្រឡាយ នៅជាប់ខាងលិចភ្លឺស្រែ ចម្ងាយ៣ម៉ែត្រដែលមានសភាពទឹកតិចៗហើយអូសសពយក ទៅចោលក្នុងស្រែ ។

ករណីនេះ បើសិនជាឈាមស្រែកស្បែកហៅ ជនប្រព្រឹត្តបទល្មើសឃាតកម្មនេះ អ្នកស្រុកថា ជនសង្ស័យមិនអាចគេចរួចពីដៃសមត្ថកិច្ចបានឡើយ ៕ វណ្ណា


ចែករំលែក៖