ភ្នំពេញ៖ ប្រធានផ្សារជម្ពូវ័ន ប្រើអំណាចផ្តាច់ការ ដោយបានបញ្ជាឲ្យក្រុមសន្តិសុខឃាត់ខ្លួនបុគ្គលិកកាសែតម្នាក់ និងដកយកទូរស័ព្ទលុបរូបចោល ខណៈពេលដែលអ្នកយកព័ត៌មានថតរូបពីសកម្មភាពទាស់ទែងគ្នាលើដងផ្លូវសាធារណៈ ក្នុងការរៀបចំសណ្តាប់ធ្លាប់ និងការលក់ដូរនៅលើដងផ្លូវយ៉ាងអនាធិបតេយ្យ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមដងផ្លូវមុខផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រធានផ្សារដែលប្រើអំណាចផ្តាច់ការខាងលើ ឈ្មោះលាភ ប៊ុន រិទ្ធ ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាមុនពេលកើតហេតុ មានរថយន្តកាមរីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ២D-៦៦៨៣មួយគ្រឿងចតតាមបណ្តោយផ្លូវនៅមុខផ្សារ ធ្វើឲ្យបាត់បង់សណ្តាប់ធ្លាប់ ហើយកម្លាំងសន្តិសុខប្រមាណ៤ ទៅ៥នាក់ទៅរៀបចំសណ្តាប់ធ្នាប់ឲ្យយកចេញ តែម្ចាស់រថយន្តមិនព្រមយកចេញ និងបានប្រាប់ថា ចតចូលផ្សារតែមួយភ្លែតនោះទេ គាត់ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯក ព្រមទាំងដកកាតបង្ហាញ គឺសុំចតមួយភ្លែតទៅវិញហើយ ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅព្រឹកនោះក៏មានទំនាស់គ្នាបែកផ្សែងរវាង កម្លាំងសន្តិសុខ នឹងមន្ត្រីយោធារូបនោះ ។ ខណៈនោះ អ្នកយកព័ត៌មានម្នាក់ បានជិះម៉ូតូឆ្លងកាត់ ក៏បានថតពីសកម្មភាពទាស់គ្នាបែកផ្សែងនេះ ក្នុងគោលបំណងល្អនោះទេ ។ ទន្ទឹមការទាស់គ្នានោះ បុរសម្នាក់មាឌធំខ្មៅ ដែលគេស្គាល់ថា ប្រធានផ្សារជម្ពូវ័ន បានទៅសម្របសម្រូល ហើយអ្នកសារព័ត៌មានក៏បានថតពីសកម្មភាព តែត្រូវបានលោកប្រធានផ្សារដ៏មានអំណាចសួរនាំ មកពីខាងណាថត គ្មានការអនុញ្ញាតពីអញ ជាប្រធានផ្សារ និងគំរាមឲ្យលុបរូបចោល ទោះបីបានប្រាប់ថា មកពីអង្គភាពណាក៏ដោយ ។
ខណៈនោះ អ្នកយកព័ត៌មានមិនបានលុបចោលនោះទេ ព្រោះការថតនោះ ទីសាធារណៈ និងបន្តថតពីការលក់ដូរ នៅតាមដងផ្លូវ បណ្តាលឲ្យបាត់បង់សណ្តាប់សាធារណៈ ហើយត្រូវបានប្រធានផ្សារដ៏មានអំណាច និងអាងខ្នងនោះបញ្ជាឲ្យក្រុមសន្តិសុខ ចាប់ក្រៀកអ្នកយកព័ត៌មាននាំទៅស្នាក់ការ និងដកហូតយកទូរស័ព្ទដើម្បីលុបរូបចោល ។ ដោយសារតែមានការអន្តរាគមន៍ លុះក្រោយមកលោកប្រធានផ្សារ ឈ្មោះលាភ ប៊ុនរិទ្ធ និងឈ្មោះធិត ធិន គឺជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សផងដែរ ក៏បានសម្របសម្រួល និងបានសុំទោស ។
ការសុំទោសនោះ មិនអាចទទួលយកបាននោះទេ ហើយបុគ្គលិកសារព័ត៌មានម្នាក់នោះ ដែលថតនៅទីសារធារណៈប្រាប់ថា ខ្ញុំគ្មានទោសឲ្យលោកទេ គឺអ្នកដែលមានខ្លួនទេ ដែលព្យាយាមបិទបាំងរឿងអាក្រក់ និងភាពកោងកាចរបស់ខ្លួន ខ្លាចគេថតរូបផ្សព្វផ្សាយពីរឿងអាស្រូវរបស់ខ្លួន ។
ការរារាំងថតរូប នៅទីសាធារណៈនេះ ចាត់ទុកជាការបិទសិទ្ធិសេរីភាពសារព័ត៌មានរបស់បុគ្គលមួយចំនួន ដែលអាងអំណាចនិងអាងខ្នង ។ ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីទៅស្នាក់ការនោះ លោកប្រធានផ្សារ ដែលមានមាឌប៉ិនក្របីព្រៃ និងជាអនុប្រធានផ្សារបានសម្លុតឲ្យអង្គុយស្ងៀម ដោយគំរាមតាមអំណាច ។ បន្ទាប់មក ក្រោយពីមានប្រតិកម្មពីក្រុមអ្នកកាសែតពីគ្រប់ខណ្ឌ ទើបលោកប្រធានមាឌយក្សសម្របសម្រួល និងសុំទោស ៕ សុខាសែនជ័យ