ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមបើកម៉ូតូរេចង្កូតទៅបុកជាមួយរថយន្តទួរីសបណ្តាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជនជាតិវៀតណាមម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនរេចង្កូត ទៅបុកជាមួយរថយន្តទួរីសបើកច្រាស់ទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨ និង៥០នាទី យប់ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តទួរីស បានព្យាយាមបន្ថែមល្បឿនក្នុងគោលបំណងគេចខ្លួន តែគេចមិនរួចក៏ចតរថយន្តទុកចោលនៅលើផ្លូវចុះគេចខ្លួនបាត់ ។ រថយន្ត នឹងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យសាច់ញាតិដែលស្នាក់នៅក្នុងស្រុកអង្គស្នួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា បុរសជនជាតិវៀតណាមស្លាប់បាត់បង់ជីវិតនោះឈ្មោះ សឿង វ៉ាន់សៅ អាយុ៥១ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិទឹកជោ ឃុំពើក ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ-0558 ។ ចំណែកឯរថយន្តទួរីសម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3291 ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត(កំពង់ស្ពឺទៅភ្នំពេញ) ។ លុះបើកដល់ចំណុចកើតហេតុបានរេចង្កូតទៅឆ្វេងដៃបុកជាមួយរថយន្តទួរីសពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុតែម្តង ៕ស្អាងជ័យ


ចែករំលែក៖