ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូប៉ះដៃចង្កូតដួលខ្ទាតប្រពន្ធទៅលើផ្លូវត្រូវរថយន្តបែនកិនខ្ទេចសាកសព

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជិះម៉ូតូឌុបស្ត្រីជាប្រពន្ធតាមដងផ្លូវឡើងជែងខ្វះការប្រុងប្រយ័ត្ន ប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបើកស្របទិសគ្នា ដួលខ្ទាតស្ត្រីជាប្រពន្ធទៅលើទ្រូងផ្លូវ ក៏ត្រូវរថយន្តបែនដឹកដីកិនបន្ថែមខ្ទេចសាកសពមើលលែងយល់ រីឯបុរសជាប្តីរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គឹម មុល អាយុ៣២ឆ្នាំ រីឯបុរសជាប្តីឈ្មោះ ស៊ីវ វន អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ។ ទាំងពីរនាក់ប្តីប្រពន្ធមានមុខរបរជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិថ្នល់ទទឹង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C-3574 ។ ចំណែកឯរថយន្តបែនម៉ាកនីសាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 3A-0615 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកិនមនុស្ស បណ្តាលឲ្យស្លាប់បានចុះគេចខ្លួនបាត់ស្រមោល ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះពីរនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (កំពង់ស្ពឺទៅភ្នំពេញ) ។ លុះបើកដល់ចំណុចកើតហេតុជនរងគ្រោះបានព្យាយាមឡើងជែងម៉ូតូដែលបើកបរស្របទិសគ្នា បណ្តាលឲ្យប៉ះដៃចង្កូតដួលខ្ទាតស្ត្រីជាប្រពន្ធទៅលើទ្រូងផ្លូវ ទើបត្រូវរថយន្តបែនបើកមកពីក្រោយគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏កិនបន្ថែមលើស្ត្រីរងគ្រោះ បណ្តាលឲ្យខ្ទេចសាកសពមើលលែងយល់តែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដីបានព្យាយាមបើកគេចបានប្រមាណ៣០០ម៉ែត្រ ក៏ចតរថយន្តទុកចោលចុះគេចខ្លួនបាត់ស្រមោល។ ចំណែកឯជនរងគ្រោះជាប្តីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយពាក់ព័ន្ធត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖