ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌដូនពេញ បានត្រួតពិនិត្យរកឃើញថា ចូលមកស្នាក់នៅប្រទេសកម្ពុជា គ្មានការងារធ្វើ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងលើស ទិដ្ឋាការស្នាក់នៅ ។
ជនបរទេសខាងលើនេះមាន ឈ្មោះ EMEKA FRANKUZOIJ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ពីបទស្នាក់ នៅប្រទេសកម្ពុជា គ្មានការងារធ្វើ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងលើស ទិដ្ឋាការស្នាក់នៅ ។
ក្រោយឃាត់ខ្លួនមន្ត្រីជំនាញការិយាល័យបានសាកសួរ ជននេះសារភាពថា បានចូលមក ប្រទេសកម្ពុជា នៅឆ្នាំ២០១៧ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយបានស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បច្ចុប្បន្នគ្មានការងារធ្វើ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។
បច្ចុប្បន្ន ជនបរទេស ខាងលើត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តច្បាប់ ៕ស តារា