ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅក្នុងស្រះមួយកន្លែង យ៉ាងអាណោចអាធ័ម ក្នុងសភាពហើមស្ពីង ធំក្លិនបាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រះទឹកដីវាល ក្បែរមាត់ត្រពាំងឈូក ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ យ៉ែម យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ វ៉ន វី អាយុ៥៤ឆ្នាំ មានកូនចំនួន១១នាក់ ប្រុស៥នាក់ ស្រី៦នាក់ ។
តាមសាច់ញាតិ ក៏ដូចអ្នកភូមិ បានឲ្យដឹងថា ជនរងគ្រោះ ចូលចិត្តផឹកស្រាជាប្រចាំ ថ្ងៃណាក៏ផឹក ថ្ងៃណាក៏ស្រវឹង លុះត្រាណាសម្រាន្តលក់ ទើបអត់ផឹក ទោះជាប្រពន្ធ កូន ហាម សុំអង្វរ កាត់បន្ថយ ផឹក ក៏មិនស្តាប់ដែរ ។
ប្រភពបន្តទៀតថា មុនថ្ងៃកើតហេតុ ជនរងគ្រោះ បានផឹកស្រវឹង ដូចសពដង បានដើរបាត់ពីផ្ទះ តាំងពីវេលាថ្ងៃត្រង់ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ ។ បាត់ជនរងគ្រោះពីផ្ទះ ក្រុមគ្រួសារ ដើរស្វែងរកដែរតែមិនឃើញ តាមផ្ទះ អ្នកស្គាល់ អ្នកភូមិ ក៏មិនឃើញ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកានេះ បន្ទាប់ពីមានអ្នកភូមិ ដើរទៅត្រពាំងឈូក ឆ្លងកាត់ដីវាលខាងលើ ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់ក្នុងសភាពហើម ធុំក្លិន ទៅវិញ ទើប បង្កឲ្យឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យ ជាក់ស្តែង ឃើញថា ស្លាប់ដោយសារលង់ទឹក ខណៈដែលជនរងគ្រោះ ផឹករហូតបាត់បងម្ចាស់ការរួចចុះដកក្រអៅឈូក ក៏បានលង់ទឹកស្លាប់តែម្តង ។ ក្រោយពីពិនិត្យ និងធ្វើកុសល្យវិច័យរួច ទើបប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅផ្ទះ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ សុខាសែនជ័យ