ភ្នំពេញ ៖ ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការ នៃគម្រោង អ & អេហ្វ ហ័រហ៊្វូ ត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍កន្លងទៅ ក្នុងទឹកប្រាក់ប្រមាណ ៧០០លានដុល្លារ និងជាអាគារដែលមានកំពស់ ខ្ពស់ជាងគេផងដែរ ។
គម្រោង អ & អេហ្វ ហ័រហ៊្វូ គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ប្រកបដោយគុណភាពមួយទៀតរបស់ ក្រុមហ៊ុន អ & អេហ្វគ្រុបបានដាក់ចេញបន្ទាប់ពីគម្រោង អ & អេហ្វភ្នំពេញ ដែលមានទស្សនៈវិស័យផ្តោតលើមនុស្សរស់នៅលើអគារខ្ពស់ៗ លំនៅដ្ឋានបែបអន្តរជាតិដំបូងគេបង្អស់នៅរាជធានីភ្នំពេញ និងការទទួលយកនូវបទពិសោធន៍ស្នាក់នៅលំដាប់ផ្កាយប្រកបដោយផាសុកភាព ដែលបង្កើតនូវយុគសម័យថ្មីមួយក្នុងការអភិវឌ្ឍលំនៅដ្ឋានក្នុងទីក្រុងនាថ្ងៃអនាគត ។ នេះគឺជាការចាប់ផ្តើម បើកដំណើរការនូវសមិទ្ធិផលសំខាន់ថ្មីមួយទៀតនៅភ្នំពេញរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុបក្នុងប្រទេសកម្ពុជា ។
ពិធីបើកសម្ពោធមជ្ឈមណ្ឌលលក់ និងការចាប់ផ្តើមដាក់លក់ជាផ្លូវការនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ ត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង កាលពីដើមសប្តាហ៍កន្លងទៅ ដោយមានគណៈអធិបតី និងភ្ញៀវកិត្តិយសបានអញ្ជើញ ប្រសិទ្ធពរជូនដល់មិត្តភាពរវាងក្រុមហ៊ុន អ & អេហ្វគ្រុប និងប្រជាជនកម្ពុជាយូរអង្វែងជាអមតៈ ដើម្បីបង្កើតនូវអនាគតជាមួយគ្នា ។
លោក វ័ង ជឺ ហោ អនុប្រធានក្រុមហ៊ុន អ & អេហ្វគ្រុបប្រចាំប្រទេសកម្ពុជាបានឡើងថ្លែងសុរន្ទកថាដ៏មានអត្ថន័យ ក្នុងនោះលោកបានថ្លែងអំណរគុណ និងសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងមិត្តភក្តិទាំងអស់ដែលបានអញ្ជើញចូលរួមពិធីនេះ ។
លោក វ័ង ជឺ ហោបានបញ្ជាក់ថា ក្រុមហ៊ុន អ & អេហ្វគ្រុប បានខិតខំឆ្លើយតប និងអនុលោមតាមគំនិតផ្គួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន យើងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកក្នុងការកសាងរាជធានីភ្នំពេញ ។ ក្រុមហ៊ុន អ & អេហ្វគ្រុបសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដោយសារតែមានការគាំទ្រលើផ្នែកគោលនយោបាយ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល ទើបក្រុមហ៊ុន អ & អេហ្វគ្រុប អាចរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរ ។ ទន្ទឹមនឹងនេះ លោក វ័ង ជី ហោក៏បានសម្ដែងនូវការដឹងគុណ និងសូមជូនពរដល់ដៃគូគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមចំណែកជួយដល់ក្រុមហ៊ុន អ & អេហ្វគ្រុប អស់រយៈពេលជាយូរកន្លងមកនេះ ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាគណៈធិបតី និងបានថ្លែងថា ប្រទេសចិន និងកម្ពុជាបានបង្កើតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយគ្នាតាំងពីបុរាណកាលមកម្ល៉េះ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដែលមានល្បឿនលឿន ទាំងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍទីក្រុង សុទ្ធតែទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ ។
លោក ផៃ ប៊ុនឈឿនបានទទួលស្គាល់ និងបានធ្វើការវាយតម្លៃខ្ពស់ដល់ការបើកសម្ពោធ និងដាក់លក់គម្រោងថ្មីរបស់ក្រុមហ៊ុន អ & អេហ្វគ្រុប ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន អ & អេហ្វគ្រុបគឺជាក្រុមហ៊ុននាំមុខគេក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងរាជធានីភ្នំពេញនៃព្រះរាជាណាក្រកម្ពុជា ក៏ដូចជាចូលរួមចំណែកបង្កើតនូវស្នាដៃលំនៅដ្ឋានប្រណីតក្នុងទីក្រុងជាច្រើនគម្រោងនៅភ្នំពេញផងដែរ ។ គម្រោងនេះជាដៃគូរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាអ្នកដឹកនាំសម័យកាល និងជាស្ថាបនិកបង្កើតនាថ្ងៃអនាគតផងដែរ៕ស តារា