ខេត្តកំពង់ឆ្នាំង៖ អគារសិក្សាចំនួន១៦៩ខ្នង ស្មើនឹងជាង១ពាន់១រយបន្ទប់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនសិស្សានុសិស្ស តាំងពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា ដើម្បីបង្កើន និងបណ្តុះបណ្តាល ធនធានមនុស្សថ្មី មានគុណភាពពិតប្រាកដនៅកម្ពុជា។
នៅក្នុងពេលថ្មីៗនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់សាលារៀន ចំនួន ៣៥ខ្នង ស្មើនឹង៣៩៦បន្ទប់បន្ថែមទៀត ដល់ស្រុកទឹកផុស ស្រុករលាប្អៀរ ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងក្រុងកំពង់ ឆ្នាំង ផងដែរ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងការប្រលងឆ្នាំ២០១៨នេះ សិស្សដែលជាបេក្ខជនប្រលងជាប់និទ្ទេសA មានចំនួន១០នាក់ និងនិទ្ទេសB ចំនួន៤០នាក់។ ក្នុងចំណោមសិស្សប្រលង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨នេះ លទ្ធផលសម្រេចបានប្រមាណជិត៧០ភាគរយ ដែលទូរលេខនេះ បានបង្ហាញថា សិស្សានុសិស្សនាពេលបច្ចុប្បន្ន បានខិតខំរៀនសូត្រ ដោយពួកគេដឹងថា បើមានចំណេះពិតប្រាកដ គឺបាន ទទួលជ័យលាភីល្អ និងទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាពុំខាន។
កត្តាមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អពិតប្រាកដ កម្ពុជា កំពុងចម្រាញ់យកនូវធនធានមនុស្ស តាមរយៈ ក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា ដែលមានគុណភាពពិតប្រាកដ ដើម្បីជួយក្នុងការអភិវឌ្ឍប្រទេសឱ្យជឿនលឿន ទៅមុខបន្តទៀត៕