ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារ សន្ដិសុខ សុវត្ថភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចូលមកដល់នៅថ្ងៃទី២១ វិច្ឆិកានេះ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឱកាស ពិធីបុណ្យ៣ថ្ងៃ នៅមុខព្រះបរមរាជវាំង ។
កិច្ចប្រជុំនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ២០១៨ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការភាពរាជធានីភ្នំពេញ នៅសលារាជធានីភ្នំពេញញ ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែម លើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់រួមទាំងការបញ្ជៀសចរាចរ,ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ជាពិសេសអាជ្ញាធរខណ្ឌទាំង១២គួរលើកយកចំណុចក្រហមដែលជាចំណុចស្ទះចរាចរខ្លាំងមកជជែក និងមានវិធានការដោះស្រាយដោយលោកអភិបាលរាជធានីបញ្ជាក់ថា បន្ទាប់ពីបញ្ហាសន្តិសុខ គឺបញ្ហាចរាចរនេះឯងជាបញ្ហាធំសម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ។ ទាំងអស់គ្នាទាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង ១២ ត្រូវធ្វើយ៉ាងណាកុំឲ្យមានសំឡេងផ្ទុះនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ និងធានាឲ្យព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូនប្រកបដោយក្តីសប្បាយរីករាយ ។ ទប់ស្កាត់ឲ្យបានការប៉ុនប៉ងបង្កវិច្ឆេតកម្មឬភេរវកម្មក៏ដូចបទល្មើសផ្សេងៗ ទៀត ។
ជាមួយគ្នានេះ លោកអភិបាលក៏បានណែនាំបន្ថែមទៀតក្នុង ការទប់ស្កាត់ឡានធំចូលក្រុង ឬការសង់រោងបុណ្យ រោងការបិទផ្លូវសាធារណៈគឺអាជ្ញាធរខណ្ឌរួមជាមួយសមត្ថកិច្ចពាក់ពន្ធ័ ត្រូវតែយកចិត្តទុកដាក់លើការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកុំឲ្យប្រជាពលរដ្ឋរិះគន់ថា សំដីចៅហ្វាយក្រុងសាប ដូចទឹកក្នុងពេលចរាចរក្នុងទីក្រុងកាន់តែចង្អៀត ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោកនាយករដ្ឋបាលរាជធានីភ្នំពេញ កត់ត្រាឲ្យបានច្បាស់រាល់ខ្លឹម សារប្រជុំនេះ ក្រោយប្រជុំរួចថា តើអាជ្ញាធរ និងមន្ត្រីពាក់ពន្ធ័អនុវត្តបានអ្វីខ្លះ ៕ សំរិត