ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអង្គការសិទ្ធិមនុស្សមានក្តីបារម្ភខ្លាចតុលាការកាត់ទោសមេដឹកនាំ “បដិវត្តន៍ឆត្រលឿង”មិនមានឯករាជ្យ

ចែករំលែក៖

ក្រោយពីអង់គ្លេសប្រគល់ហុងកុងមកឱ្យចិនវិញនៅឆ្នាំ១៩៩៧ ហុងកុងមានលក្ខ ន្តិកៈពិសេស ជាដែនដីរបស់ចិនវិញមែន តែមានប្រព័ន្ធនយោបាយខុសគ្នា ក្រោម គោលការណ៍ ប្រទេសមួយប្រព័ន្ធពីរ។ នៅលើក្រដាសហុងកុងមានសិទ្ធិនិងសេរីភាពក្នុងការបញ្ចេញមតិ ដែលចិនដីគោកមិន ធ្លាប់ស្គាល់ឡើយ។ ប៉ុន្តែបន្តិចម្តងៗ ប៉េកាំងបានដាក់បញ្ជាកាន់តែច្រើនឡើងៗថាហុងកុងអាចធ្វើនេះ ឬមិនអាចធ្វើនោះបាន ដោយមិនខ្វល់អំពីច្បាប់ក្នុងតំបន់ទេ ! ចិនដឹងតែម្យ៉ាងគឺចាប់ឱ្យធ្វើនូវអ្វីដែលប៉េកាំងយល់ថាទទួលយកបានតែប៉ុណ្ណោះ។

តុលាការនឹងបើកសវនាការ រយៈពេល បីសប្តាហ៍ ដើម្បីជំនុំជម្រះអំពីតួនាទីរបស់ជនជាប់ចោទ ក្នុងបាតុកម្មបិទខ្ទប់សង្កាត់ពាណិជ្ជកម្មហុងកុង កាលពីឆ្នាំ២០១៤ និងជាបាតុកម្មដែលបរាជ័យ។ ជនជាប់ចោទអាចនឹងមានទោសជាប់ពន្ធនាគារ ដល់ទៅ៧ឆ្នាំ ហើយជាទោសដែលបូក បន្ថែមបានទៀត។

សម្រាប់ជនជាប់ចោទវ័យចំណាស់ ទាំងបី ពួកគាត់រងការចោទប្រកាន់បី ចំណុច បំផុសគំនិតឱ្យមានអសណ្តាប់ធ្នាប់សាធារណៈ, ញុះញង់អ្នកផ្សេងឱ្យបង្ក បញ្ហាដល់សណ្តាប់ធ្នាប់សាធារណៈ និងញុះញង់អ្នកផ្សេងឱ្យហៅគ្នីគ្នាមកបង្កបញ្ហាដល់សណ្តាប់ធ្នាប់សាធារណៈ។

រដ្ឋអាជ្ញាហុងកុង លោក Andrew Bruce បានឱ្យដឹងទៀតថា ជនជាប់ចោទ ទាំងនេះ បានដឹកនាំធ្វើបាតុកម្មដែលប៉ះ ពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងបានគាំទ្រការបិទខ្ទប់ទីតាំងនិងផ្លូវសាធារណៈដោយខុសច្បាប់។

ក្រុមអង្គការសិទ្ធិមនុស្ស បង្ហាញក្តីបារម្ភខ្លាចចិនបន្តជះឥទ្ធិពលទៅលើតុលាការ ហុងកុង បើកសវនាការជម្រះទោសមេ ដឹកនាំ “បដិវត្តន៍ឆត្រលឿង” កាលពីឆ្នាំ ២០១៤។ បាតុកម្មឆត្រលឿង ដែលបានប្រមូលផ្តុំនិស្សិតរាប់រយពាន់នាក់ និងបានធ្វើឱ្យសង្កាត់ពាណិជ្ជកម្មហុងកុងជាប់គាំងអស់រយៈពេលជាងពីរខែ។ ថ្ងៃនេះ រៀម ច្បងនៃចលនាទាមទារប្រជាធិបតេយ្យ ចំនួន៩រូប បានក្លាយជាជនជាប់ចោទ។

ជនជាប់ចោទចំនួន៩នាក់ បានបង្ហាញ វត្តមាន នៅក្នុងសវនាការថ្ងៃនេះ។ ទាំង៩ នាក់ សុទ្ធតែមានពាក់ព័ន្ធនឹងចលនាទាមទារប្រជាធិបតេយ្យ ឈ្មោះថា “Occupy Central with Love and Peace”។ ចលនា បានទាក់ទាញបាតុករនិស្សិតរាប់រយពាន់នាក់ ដើម្បីទាមទារឱ្យហុងកុងរៀបចំបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មិនមែន តាមការបញ្ជារបស់ប៉េកាំង។

នៅក្នុងចំណោមជនជាប់ចោទទាំង៩នាក់នោះ បីនាក់ជា មេកោយវ័យចំណាស់ របស់ចលនា« Occupy Central » ៖ ទីមួយ គឺលោកសាស្ត្រាចារ្យ Benny Tai អាយុ ៥៤ឆ្នាំ ។ លោកគឺជាជនទីមួយដែលបានផ្តួចផ្តើមគំនិតដំបូងគេ ឱ្យមានការប្រមូលផ្តុំកាន់កាប់ដោយសន្តិវិធីមជ្ឈមណ្ឌល/សង្កាត់ ពាណិជ្ជកម្មរបស់ហុងកុង។ ទីពីរគឺប្រមុខ សាសនា Chu Yiu-mingអាយុ៧៤ឆ្នាំ និងទីបីគឺលោកសាស្ត្រាចារ្យផ្នែកសង្គមវិទ្យា Chan Kin-man អាយុ៥៩ឆ្នាំ។ កាលពី ប៉ុន្មានថ្ងៃមុន លោកបានទៅបង្រៀនគួរបី ម៉ោង ស្តីអំពីអំណាចផ្តាច់ការនៅចិនដល់ និស្សិតសាកលវិទ្យាល័យ Chinese University នៅហុងកុង ដែលលោកធ្លាប់ធ្វើការតាំងពីជាង២០ឆ្នាំមកហើយ ដោយមាន និស្សិតចូលស្តាប់ដល់ជាង៦រយនាក់។ នេះទំនងជាការបង្រៀនជាលើកចុងក្រោយរបស់លោក ព្រោះម្យ៉ាងលោកបានបង្ខំចិត្តដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុផង។

នៅព្រឹកមិញនេះ(២០វិច្ឆិកា) មាន សកម្មជនឆត្រលឿង ជាច្រើនរយនាក់បានជូនមេដឹកនាំជនជាប់មកតុលាការ ដោយ កាន់ឆត្រលឿងក្នុងដៃផង។ ឆត្រលឿង បានក្លាយជានិមិត្តរូបនៃចលនាបដិវត្តន៍ តាំងពីឆ្នាំ២០១៤មក ដោយបាតុករបានប្រើឆត្រនេះដើម្បីទប់ទល់នឹងឧស្ម័នចេញទឹកភ្នែកដែលប៉ូលិសបាញ់បំបែកហ្វូង និស្សិត។

បរិយាកាស នៅមុខតុលាការសាលា ដំបូង Kowloon ហាក់ដូចជាតានតឹង លាយឡំនឹងទឹកចិត្តរន្ធត់ក្តុកក្តួលណាស់ ព្រោះជនជាប់ចោទនេះ ត្រូវបានគេចាត់ ទុកថាជាជនរងគ្រោះ ពោលគឺជាវីរបុរស៕ ម៉ែវ សាធី


ចែករំលែក៖