ប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតក្នុងល្បឿនលឿន បុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់នៅកន្លែងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះពីរ ខាងជើងផ្លូវបំបែកទៅភ្នំព្រះចម្ងាយ 1000 ម៉ែត្រ លើផ្លូវជាតិលេខ 56A ចន្លោះគីឡូម៉ែត្រលេខ 47-48 ស្ថិតក្នុងភូមិសាស្រ្ត ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា អ្នកបើកបបរម៉ូតូឈ្មោះ ចេក វ៉ត ភេទ ប្រុស អាយុ 27 ឆ្នាំ រស់នៅភូមិ វត្តចាស់ ឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុម៉ូតូបុក និងគោយន្តកន្រ្តៃ ក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើង លុះបើកដល់ចំណុចកើតហេតុម៉ូតូបុកពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់តែម្ដង ។ ចំណែកគោយន្តកន្រ្តៃ ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុបាត់ មិនស្គាល់អត្តសញ្ញាណបន្សល់ទុកចម្រឹងដែកមួយកំណាត់ ។
ករណីខាងលើនេះកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួកចុះត្រួតពិនិត្យ វាស់វែងដល់កន្លែងកើតហេតុ យកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។
សួមរំលឹកថា ចំពោះគោយន្តដែលបើកបរដឹកដំឡូងមី ឬកសិផលផ្សេងៗនៅតាមបន្ទាត់ព្រំដែនពេលយប់ ពុំមានភ្លើងសម្គាល់ ឬចំណាំងផ្លាត់ខាងក្រោយតាមបណ្តោយផ្លូវជាតិលេខ៥៨ ក៏កំពុងតែចរាចរណ៍រៀងរាល់យប់ គួរតែសមត្ថកិច្ចជំនាញចុះពិនិត្យ និងណែនាំពួកគាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដូចករណីខាងលើនេះ ៕ វណ្ណា