ខេត្តតាកែវ៖ លោកអភិបាលរងស្រុក បាទី១រូប បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុករបស់លោកថាលោកនឹងប្ដឹងក្រុមជនទាំងឡាយណាដែលបាន បរិហារកេរ្តិ៍លោកថា លោកដាក់កុងត្រូល ដោយខុសច្បាប់នៅលើដងផ្លូវជាតិដើម្បី ជំរិតទារលុយពីរថយន្តគ្រប់ប្រភេទដែល ឆ្លងកាត់ភូមិសាស្រ្តស្រុកបាទី។
មានរឿងចម្រូងចម្រាសមួយបានកើតឡើងរវាងលោក ហង្ស វិច្ឆិការាស្សីអភិបាល រងស្រុកបាទី ខេត្តតាកែវជាមួយនឹងមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយខ្លះបានលើកឡើងថា លោកបាននាំសហសេ រឹកដាក់កុងត្រូលជជុះនៅលើដងផ្លូវជាតិ ដើម្បីជំរិតទារលុយពីរថយន្តគ្រប់ប្រភេទដោយ យកលេសថាត្រួតពិនិត្យបច្ចេកទេស យានយន្ត តែផ្ទុយទៅវិញគឺដាក់ដើម្បីជំរិតទារលុយស្រស់ៗតែម្ដង។
ឆ្លើយតបនឹងការរិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លោកអភិបាល រងស្រុកបាទីរូបនេះបានសរសេរគំរាមថាលោកនឹងរៀបចំឯកសារប្តឹងពួកគាត់ ដែលបានបរិហារកេរ្តិ៍លោកនៅលើ
បញ្តាញសង្គមហ្វេសបុ៊កដោយលោក បានអះអាងថា លោកនិងកូនចៅលោកគឺដាក់កុងត្រូលនេះដើម្បីត្រួតពិនិត្យបច្ចេកទេសយានយន្តស្របតាមប្រកាសរបស់ រាជរដ្ឋាភិបាល។
ពាក់ព័ន្ធករណីនេះដែរប្រជាពលរដ្ឋក៏បានលើកឡើងដែរថា លោកប៉ុក ពលរឹទ្ធ ស្នងការរងទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍កំពុងរងការរិះគន់ពីពលរដ្ឋរឿង ពង្រាយកូនចៅឈរលើផ្លូវជាតិចាំយក លុយក្បាលឡានដឹកទំនិញគ្រប់ប្រភេទដោយយកលេសរឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្នស្នងការរងរូបនេះបានដាក់គោលដៅត្រួតពិនិត្យជាច្រើនកន្លែងតាមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣ដូចជានៅស្រុកទ្រាំង១គោលដៅដាក់២៤ម៉ោងលើ ២៤ ម៉ោង គោលដៅទី២នៅស្រុកបាទីដាក់២៤ម៉ោងលើ២៤ម៉ោង គោលដៅទាំង២នេះស្ថិតនៅលើផ្លូវជាតិលេខ២។ចំណែកគោលដៅទី៣នៅស្រុកត្រាំកក់ ផ្លូវជាតិលេខ៣ ដាក់២៤ម៉ោងលើ២៤ម៉ោងដូចគ្នា។
សេចក្ដីរាយការណ៍បានបន្ថែមទៀតថាគោលដៅដែលលោកស្នងការរងដាក់ត្រួតពិនិត្យនេះគឺចាំយកលុយពីរថយន្ដដឹកទំនិញគ្រប់ប្រភេទដោយរថយន្ដទាំងនោះត្រូវបង់លុយចាប់ពី២០.០០០រៀលដល់១០០.០០០រៀលក្នុង១រថយន្ដ។
សេចក្ដីរាយការណ៍បានបញ្ជាក់ច្បាស់ថាក្នុង១ថ្ងៃៗរថយន្ដឆ្លងកាត់គោលដៅខាងលើមិនតិចជាង៥០០គ្រឿងនោះទេដែលត្រូវបង់លុយជូនកូនចៅលោក ប៉ុក ពលរឹទ្ធ ស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍។
យោងតាមប្រភពពីក្រុមមន្ត្រីនគរបាលចរាចរណ៍ដែលបានបង្ហើបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាតាមពិតគោលដៅខាងលើគឺលោកស្នងការរង ប៉ុក ពលរឹទ្ធ ទិញពី លោក សុខ សំណាង ស្នងការនគរ បាល ខេត្តតាកែវ ដោយក្នុង២៤ម៉ោងមិនក្រោម២លានរៀលនោះទេ ដូច្នេះក្រុមពួកគាត់ត្រូវតែខំប្រឹងជំរិតលុយពីពលរដ្ឋហើយខ្លាចគ្មានលុយបង់ឲ្យថ្នាក់លើ។
ជុំវិញករណីនេះលោក ប៉ុក ពលរឹទ្ធ ស្នងការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខេត្តតាកែវបានឲ្យដឹងថា រឿង កូនចៅរបស់លោកយកលុយពីរថយន្ដគឺ ពិតមែនបើឲ្យចុះទៅពិនិត្យមិនយកលុយតើទៅឈរមើលមានន័យអី?
លោកបានបន្ដទៀតថា ចំណែកកូនចៅលោកមួយចំនួនគឺឈរជួយហៅរថយន្ដឲ្យក្រុមមន្ត្រីនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តតាកែវនោះទេហើយក្រុមមន្ត្រីនៃមន្ទីរនេះយកលុយវាជារឿងទទួលខុសត្រូវរបស់មន្ទីរសាធារណការមិនពាក់ព័ន្ធ នឹងជំនាញលោកទេ។
ពាក់ព័ន្ធការឆ្លើយបំភ្លឺរបស់ស្នងការរងខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ណុប នី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវបានទេដោយទូរស័ព្ទរបស់លោកជាប់រវល់ រហូត។
មហាជនរង់ចាំមើលថាតើលោកអភិ បាលរងស្រុករូបនេះអាចទទួលបានភាពជោគជ័យក្នុងការស្ដារកិត្តិយសលោកឡើង វិញតាមរយៈការប្តឹងរបស់ពលរដ្ឋអ្នកលេងបណ្ដាញសង្គមបានដែរឬទេ?៕ ហេងសុរិយា