ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដែលប៉ុនប៉ងធ្វើ​ឃាត យកសាំងដបចាក់ដុតមន្រ្ដីប៉ូលិសស្រុកអន្លង់ កំពុងរកការអន្តរាគមន៍ដើម្បីរួចផុតការចោទប្រកាន់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្បីមកថា ឃាតក ដែលជាឈ្មួញរកស៊ីឈើបាន ប៉ុនប៉ងធ្វើឃាត ដោយយកសាំងដប​ មកចាក់ស្រោចដុតមកលើមន្រ្ដីប៉ូលិស ស្រុកអន្លង់វែង ឆេះខ្លោចរងរបួសធ្ងន់ ក្នុងបេសកកម្មបង្រ្កាបបទល្មើសឈើ ជាមួយក្រុមសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិចេកឃុំថ្លាត​ ស្រុកអន្លង់វែងខេត្តមានជ័យ កំពុងតែស្វែងរកការអន្តរាគមន៍ពីអ្នកមានអំណាច ដើម្បីរួចផុតការចោទប្រកាន់ផ្លូវច្បាប់ ។

ជនរងគ្រោះ​ឈ្មោះ ឡុក សុថាវី​ អាយុ៣៥ឆ្នាំ ជាមន្រ្ដីប៉ូលិសបម្រើការងារ នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ឃាតក ប៉ុនប៉ងចាក់សាំងដុតសម្លាប់រូបលោក មានគ្នា៣នាក់ ដោយជនដៃដល់ឈ្មោះ ស៊ឹម មាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

មន្រ្ដីនគរបាលខាងលើបានបន្តថា មុនពេលកើតហេតុ ជនបង្កខាងលើមានគ្នាបីនាក់ បានដឹកឈើកែឆ្នៃ អត់ច្បាប់ ដឹកជញ្ជូនតាមរយះរថយន្ដដឹកទឹកកក ឆ្លង់កាត់ ស្រុកអន្លង់វែង នៅវេលាម៉ោង៩យប់ ថ្ងៃកើតហេតុខាងលើ ក៏ត្រូវបានត្រូវបានសមត្ថកិច្ច បូករួមទាំងរដ្ឋបាលព្រៃឈើផងនោះ បានឃាត់រថយន្ដខាងលើ យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង មួយសន្ទុះក្រោយមក ជនបង្កខាងលើបានលួចបើករថយន្ដចេញពីសង្កាត់រដ្ឋបាលព្រៃឈើ ក៏ត្រូវបានក្រុមសមត្ថកិច្ចចម្រុះ រួមទាំងរូបលោកផងនោះ ទៅឃាត់ យកមករក្សា ទុកនៅរដ្ឋបាលព្រៃឈើវិញ តែត្រូវបាន ក្រុមឃាតកខាងលើ ស្រែកគំរាមយកសាំងមកចាក់ដុតសម្លាប់ចោលទាំងអស់ ពេលនោះ​ពួកគេក៏បានទាញសាំងចំនួនបីដបដុតរួចបាញ់សាំងមកលើខ្លួនលោក​ ទើបបណ្ដាលឲ្យឆេះផ្នែកខាងលើក្បាល និងស្មា​ ដោយមានការជួយពន្លត់ភ្លើងពីសមត្ថកិច្ចដូចគ្នា និងបញ្ជូនសង្គ្រោះបន្ទាន់ទៅពេទ្យប្រទេសថៃទើប​ រួចផុតពីក្ដីស្លាប់ ។

រហូតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះក្រុមឃាតកដែលបានប៉ុនប៉ងចាក់សាំងដុតសម្លាប់រូបលោក កំពុងមានអ្នករត់ការរកអ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យ អន្តរាគមន៍ឲ្យរួចផុតការចោទប្រកាន់ផ្លូវច្បាប់​ ដែលសំណុំរឿងឃាតកម្មប៉ុនប៉ងមនុស្សឃាតខាងលើ បានដល់ដៃតុលាការ អមសាលាដំបូងខេត្តឧត្ដរមានជ័យហើយ​ ចាប់តាំង​ពីថ្ងៃកើតហេតុមកម្ល៉េះ ពោលគឺរង់ចាំតែខាងតុលាការអនុវត្តន៍នីតិវិធីតែប៉ុណ្ណោះ។

លោក ឡុក សុធាវី ជាជនរងគ្រោះ សូមអំពាវនាវដល់អ្នកច្បាប់ជួយរកយុត្តិធម៌ជូនដល់រូបលោកផង ក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ ៕ ប៉ែន នួន


ចែករំលែក៖