ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចសួនមាត់ទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វារ កាលពីនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ គ្រី អាយុ២២ឆ្នាំ មុខរនៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវវត្តចាស់ ក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វា ។ ចំណែកជនរងគ្រោះឈ្មោះ រាជ ភីរតនៈ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៣៩១ ផ្លូវចំការស្ពៃ ក្រុម៩ ភូមិ២ សង្កាត់ជ្រោយចង្វា ។
លោកអធិការបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងមើលការប្រគុំតន្ត្រីនៅសួនមាត់ទន្លេជាមួយបងប្អូន ហើយជនរងគ្រោះទាញទូរស័ព្ទមកថតលេង ក៏ត្រូវជនសង្ស័យចូលមកឆក់យកបានហើយរត់គេចខ្លួនដល់ផ្លូវទន្លេរសាប រួចជនរងគ្រោះដេញតាមស្រែកឆោឡោ លឺដល់សមត្ថកិច្ចល្បាតឃើញ បានឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ