ខេត្តឧត្តរមានជ័យ៖ យុវជនម្នាក់ ព្រោះតែខឹងឪពុករារាំងមិនឲ្យស្រលាញ់កូនស្រីគេ ដែលនៅវ័យក្មេងខ្ចី មានគំនិតខ្លីបានបញ្ចប់ជីវិតដោយវិធីធ្វើអត្តឃាតចងកនឹងខ្សែបន្តោងសោ ស្លាប់ដូចបំណង ហើយអ្វី ដែលស្មានមិនដល់ គឺមុនធ្វើអត្តឃាត ជនរងគ្រោះបានថតរូបទុកក្នុងទូរស័ព្ទដោយមានចំណងខ្សែបន្តោងសោប៉ុនមេជើងនៅជាប់នឹងកទៀតផង ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចំការដំឡូង ដឺថ្លុកកណ្តោល ខាងត្បូងឈាងខាងកើតភូមិពងទឹក ចំងាយ ៧០០ម៉ែត្រ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្រី្តនគរបាលក្រុងសំរោងបានឲ្យដឹងថា សាកសពឈ្មោះ សុភា រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្លង់ចាស់ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានយកខ្សែបន្តោងកូនសោម៉ូតូប៉ុនមជើងមកចង.កសម្លាប់ខ្លួន នៅមែកឈើដើមស្ទាវនៅចំណុចកើតហេតុ ។
ក្រុមគ្រួសារជនរងគ្រាះបានឲ្យដឹងថា ករណីកើតឡើងទំនងជាយុវជនខាងលើខឹងឪពុកស្តីបន្ទោសឲ្យឈប់ទាក់ទងស្រឡាញ់គ្នាជាមួយកូនអ្នកភូមិចេកក្បូរ ព្រោះកូនស្រីគេនៅក្មេងណាស់ ។ លុះព្រឹកឡើងជនរងគ្រោះបានចេញទៅភ្ជួរស្រែនៅភូមិរាជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុចទូរស័ព្ទមកប្រាប់ឪពុកថា ខ្ញុំឈប់ភ្ជួរស្រែនិង ត្រឡប់ទៅផ្ទះវិញហើយ ។ តែចាប់ពីពេលនោះមកមិនបានឃើញជនរងគ្រោះមកផ្ទះទេហើយរហូតដល់ម៉ោង៥ល្ងាច ស្រាប់តែប្អូនប្រុសជនរងគ្រោះរត់មកប្រាប់ឪពុកខ្លួនថា ឃើញម៉ូតូរបស់បងខ្លួន (សាកសព) ចតទុកនៅចំការខាងត្បូងភូមិពងទឹក ប៉ុន្តែមិនឃើញបងប្រុសទេ ។ បន្ទាប់មកក្រុមគ្រួសារក៏រត់ទៅមើលហើយឃើញស្នាមដានជើងដើរចេញពីម៉ូតូក៏ដើរតាមរក ហើយបានឃើញជនរងគ្រោះចង.ក ស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក្រុមគ្រួសារក៏រាយការណ៍ជូនសមត្ថកិច្ច ពីករណីនេះ ។
សមត្ថកិច្ចក្រោយធ្វើកោសល្យវិច័យរួចរួមនឹងពិនិត្យឃើញជនរងគ្រោះមុននឹងធ្វើអត្តឃាតបានថតរូបដាក់ក្នុងទូរស័ព្ទរបស់ខ្លួនដោយមានចំណងជាប់នឹងកផងនោះទើបបានសន្និដា្ឋនថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើ អត្តឃាត (ចង.ក)ប្រាកដមែន ព្រោះខឹងឪពុកហាមមិនឲ្យទាក់ទងមនុស្សស្រី ដែលខ្លួនស្រឡាញ់ ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ែននួន