ខេត្តកណ្ដាល៖ មេជាងម៉ៅការស្ទូចផ្ទះម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈនាំកូនជាងជាច្រើនទៀតស្ទូចផ្ទះរំកិលមិនប្រយ័ត្ន បណ្ដាលឲ្យផ្អៀងដួលរំលំសង្កត់ កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះត្រូវផ្ទះរលំសង្កត់មានឈ្មោះ យ៉ុន យួន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងស្ទួចផ្ទះ មានទីលំនៅភូមិភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅម៉ៅការស្ទូចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទប្រុស អាយុ៧០ឆ្នាំ លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះជាមេជាងបាននាំកូនចៅជាច្រើននាក់ទៅស្ទូចផ្ទះរំកិលរហូតដល់វេលាម៉ោង១៥និង៣០នាទី ផ្ទះមានសភាពផ្អៀងមួយចំហៀង ឃើញដូចនោះជនរងគ្រោះបានដើរសំដៅទៅកន្លែងផ្អៀង រួចទៅមូលជន្ទល់ ដែលទ្រផ្ទះ តែមិនប្រយ័ត្នត្រូវផ្ទះនោះត្រូវបានរលំដួលសង្កត់ជនរងគ្រោះចំចង្កេះ និងឆ្អឹងជំនី បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច្ច័យរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយរលំផ្ទះសង្កត់ប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ