ព័ត៌មានទាន់ហេតុការណ៍៖

ឃើញគេដេកក្នុងបន្ទប់មិនបានបិទទ្វារ ចូលលួចលុយ២០០ដុល្លារ ជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានធ្វើសកម្មភាពចូលលួចលុយអ្នកជិតខាង ដែលមានបន្ទប់ក្បែរគ្នាចំនួន២០០ដុល្លារ ពេលជនរងគ្រោះដឹងទាន់ ឃាត់ខ្លួនឲ្យសមត្ថកិច្ច ។

ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៤ និង០០នាទី នៅចំណុចបន្ទប់ជួល លេខសេ២៥ ក្រុម៥ ផ្ទះលេខ៣៦ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ មុំ រ៉េនឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខសេ២៣ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនងគ្រោះឈ្មោះ រិត រតនា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅបន្ទប់ជួល លេខសេ២៥៣ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក ៖ ប្រាក់ដុល្លារចំនួន ២០០ដុល្លារ ប្រគល់ឲ្យជនរងគ្រោះវិញ ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាបតែជនសង្ស័យខាងលើ បាន ចូលក្នុងបន្ទប់របស់ជនរងគ្រោះ ធ្វើសកម្មភាពបើកកាបូបលុយរបស់ជនរងគ្រោះ លួចយកលុយក្នុងកាបូបបានចំនួន ២០០ដុល្លារ ហើយជនសង្ស័យ បានចេញពីក្នុងបន្ទប់របស់ជនរងគ្រោះ ចូលក្នុងបន្ទប់ជួលរបស់ខ្លួនវិញ ភ្លាមនោះ ជនរងគ្រោះបានទូរស័ព្ទប្រាប់អ្នកគ្រប់គ្រងផ្ទះជួល ហើយបាននាំខ្លួនជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖