ភ្នំពេញ៖ ទីប្រជុំលេងកីឡាចម្រុះ Central Park Sports Complex បានជំរុញការលើកកម្ពស់សុខភាពតាមរយៈការជំរុញ ឧបត្ថម្ភ សកម្មភាពកីឡាផ្សេងៗ ។ ក្រោយពីក្លាយជាទីតាំងដំបូងគេ ដែលបានបើកទ្វារជាសាធារណៈនៅក្នុងទីក្រុង ភ្នំពេញស៊ីធីសេនធ័រ (PPCC) មក ការបើកដំណើរការក្លឹបហាត់ប្រាណ Alpha Fitness និងភោជនីយដ្ឋាន Buffet Station ជាសញ្ញាបង្ហាញឲ្យឃើញពីដំណើរវិវត្តន៍ និងការអភិវឌ្ឍរបស់គម្រោង Central Park Sprots Complex ដែលជាមណ្ឌលសម្រាប់ហាត់កីឡា និងសម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងគម្រោង PPCC ។
លោក សោម សឿង នាយកគ្រប់គ្រងទូទៅរបស់ Central Park Sprots Complex បានពន្យល់ថា ដោយមានបំពាក់សម្ភារៈបង្កើនសាច់ដុំ និងឧបករណ៍នានា ដូចជាម៉ាស៊ីនរត់ជាដើម ក្លឹបហាត់ប្រាណ Alpha Fitness គឺជាទីតាំងហាត់ប្រាណដែលមានគុណភាពខ្ពស់ សម្រាប់ប្រជាជននៅកម្ពុជា ដែលមានការយល់ដឹងកាន់តែខ្លាំងឡើងពីរឿងសុខភាព ។
លោកបានលើកឡើងថា៖ “សមាជិកផ្សេងៗរបស់យើងបានសុំឲ្យមានក្លឹបហាត់ប្រាណ ដើម្បីជួយឲ្យពួកគាត់មានរាងសមសួនជាងមុន ហើយកាន់តែពូកែលេងកីឡាជាងមុន ។ ខ្ញុំទន្ទឹងរង់ចាំ ចង់ឃើញអ្នកលេងកីឡា ធម្មតា អភិវឌ្ឍខ្លួន និងលូតលាស់ ហើយសង្ឃឹមថា នឹងកត្តាជំរុញទឹកចិត្តឲ្យមនុស្សថ្មីៗមួយចំនួនចង់ធ្វើឲ្យជីវិតរបស់ខ្លួនមានសុខភាពល្អជាងមុន និងមានភាពសកម្មជាងមុន” ។
ក្លឹបហាត់ប្រាណនេះ មានវត្តមានព្រមជាមួយនឹងទីតាំងលេងកីឡាផ្សេងទៀតនៅក្នុងគម្រោង Central Park ដែលក្នុងនោះរួមមានលានលេងកីឡា Futsal ចំនួន ៦ ទីលាន ដែលអាចលេងគ្រប់រដូវកាលបាន ទីលានបាល់ទះមានដំបូលចំនួនពីរ និងលានលេងកីឡាវាយសីចំនួនបួន ដែលមានគ្របដំបូល ដែលទាំងអស់នេះបានជួយធ្វើឲ្យ Central Park មានការពេញនិយមខ្លាំង” ។ គម្រោងបន្ថែមថ្មីៗនៅទីតាំងដែលស្ថិតនៅលើផ្លូវលេខ១៦៩ដែលពុះកាត់ ចំកណ្ដាលទីក្រុងភ្នំពេញស៊ីធី- សេនធ័រ រួមមាន ហាងអាហារ និងភេសជ្ជៈ ដែលក្នុងនោះរួមមានហាងកាហ្វេ Amazon និង Highland Coffee ហាងលក់សម្លៀកបំពាក់ ហាងកាត់សក់ និងភោជនីយដ្ឋាន ដែលមានបម្រើមុខម្ហូបខ្មែរ ជប៉ុន និងមុខម្ហូបអន្តរជាតិដទៃទៀត ។
លោក Alex Lau នាយកគ្រប់គ្រងក្រុមហ៊ុន PPCC បានពន្យល់ថា៖ “យើងមានក្ដីរំភើបរីករាយក្នុងការនាំ មកនូវមណ្ឌលលេងកីឡាមួយទៀតដែលមានគុណភាពខ្ពស់ ចូលមកក្នុង ភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ។ ដោយផ្ដោតការយកចិត្តទុកដាក់លើការរស់នៅបែបទំនើប និងយល់ដឹងពីបរិស្ថាន ដូច្នេះ យើងត្រូវផ្ដល់នូវវិធីសាស្ត្រផ្សេងៗកាន់តែច្រើនសម្រាប់ឲ្យពលរដ្ឋ ភ្ញៀវ សិស្សានុសិស្ស កាន់តែច្រើន ដែលរស់នៅក្នុងភ្នំពេញស៊ីធីសេនធ័រ អាចរស់នៅប្រកបដោយសុខភាពល្អប្រពៃ” ។
ភ្នំពេញស៊ីធីសេនធ័រ ដែលគ្របដណ្ដប់លើផ្ទៃដី ១១១.៦ ហិចតា គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានឈ្នះពានរង្វាន់នានា និងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ។ ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Residence90 ដែលទើបនឹងបញ្ចប់ជាស្ថាពរកាលពីពេលថ្មីៗហើយផ្ទះវីឡាចំនួន ៨៧ ខ្នងក្នុងគម្រោងនេះបានលក់ដាច់ជិតអស់ទៅហើយនោះ ភ្នំពេញស៊ីធីសេនធ័រ ក៏មានគម្រោងអគារការិយាល័យ Vanguard, ទីកន្លែងកម្សាន្ត Eden Garden គម្រោងអភិវឌ្ឍន៍កន្លែងស្នាក់នៅ និងពាណិជ្ជកម្មឈ្មោះថា One Park និងសាលាររៀន SCIA អន្តរជាតិផងដែរ៕ វឌ្ឍនា