ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយ ស្រាប់តែជួបនឹងសមត្ថកិច្ច កំពុងតែល្បាតក្នុងមូលដ្ឋាន ជាប់ខ្នោះល្មម!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋបានហើយ តែចំថ្ងៃស៊យ បណ្តើរចេញមកជួន និងកម្លាំងសមត្ថកិច្ចកំពុងតែល្បាត ក៏ចាប់បាន២នាក់ ចំណែកបក្ខពួក ម្នាក់ទៀតរត់គេចខ្លួន ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបាននោះទី ១-ឈ្មោះ ថន តុលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀ) និងទី២ ឈ្មោះ ពេជ្រ សុខ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀ) ។

ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុត ម៉េងហុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងពិតាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1f-FS-3128 សមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះជាម្ចាស់ដើមវិញ ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានយកម៉ូតូមកទុកនៅមុខបន្ទប់ជួល ដែលខ្លួនស្នាក់នៅ ដោយបានចាក់សោ.កត្រឹមត្រូវ រួចជនរងគ្រោះ បានចូលដេកក្នុងបន្ទប់ជួល លុះដល់ ថ្ងៃទី៣០ ខែ ឆ្នាំ ដដែល វេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ស្រាប់តែមានជនសង្ស័យ មានគ្នា៣នាក់ បានដើរមកដល់ចំណុចកើតហេតុខាងលើ ឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅមុខបន្ទប់ជួល និងមានសភាពស្ងាត់ ជនសង្ស័យ ទាំង០៣នាក់ បានធ្វើសកម្មភាពលួច អូសបណ្តើរម៉ូតូរបស់ជនរងគ្រោះ បានចម្ងាយប្រហែល១៥០ម៉ែត្រ ក៏បានជួប នឹងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង កំពុងល្បាត ។ ដោយមានការសង្ស័យ កម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យ តែជនសង្ស័យបានព្យាយមរត់គេចខ្លួន ភ្លាមនោះកម្លាំងល្បាតបានដេញតាមចាប់បានជនសង្ស័យ២នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ធី បានរត់គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖