ភ្នំពេញ៖ នៅព្រកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ វេលាម៉ោង៩និង ៣០នាទីព្រឹក នៅចំណុចភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យទី១ឈ្មោះ សុខ ខី ហៅឆក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២ឈ្មោះ ព្រឿង ម៉ារ៉ូត ហៅនុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨, ទី៣ឈ្មោះ សុខ ដារ៉ា អាយុ១៧ ឆ្នាំមុខរបរ រើសអេតចាយ, ទី៤ឈ្មោះ សុខ ឌីណា អាយុ១៥ ឆ្នាំមុខរបរ រើសអេតចាយ និងទី៥ឈ្មោះ គល់ វិចិត្រ អាយុ២៥ ឆ្នាំមុខរបមិនពិតប្រាកដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុំ ពិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក Brand (កង់បីផាស្អេប) ពណ៌លឿង គ្មានស្លាកលេខ លេខតួ 15450 លេខម៉ាស៊ីន 47199 ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានបន្ដទៀតថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០ និង១០នាទី ជនរងគ្រោះឈ្មោះ អ៊ុំ ពិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ បានទុកម៉ូតូម៉ាក Brand (កង់បីផាស្អេប) ពណ៌លឿង ស្លាកលេខព្រៃវែង1N-1176 លេខតួ15450 លេខម៉ាស៊ីន47199 ចំនួន០១គ្រឿង នៅមុខផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចចូលដេកក្នុងបន្ទប់ជួល ។ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង ៣០នាទី ជនរងគ្រោះក៏បានភ្ញាក់ពីដេកដើរចេញពីក្នុងបន្ទប់ ស្រាប់តែបាត់ម៉ូតូម៉ាកខាង លើដែលដាក់នៅខាង បន្ទប់ជួល ។ ពេលនោះជនរងគ្រោះក៏បានមករាយការណ៏ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូម៉ាកខាងលើ និងជនសង្ស័យយកមកសាកសួរ តាមនីតិវិធីច្បាប់ ។
លុះដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាលបានស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី០១-ឈ្មោះ សុខ ខី ហៅឆក ភេទប្រុស អាយុ២៧ឆ្នាំ , ទី០២-ឈ្មោះ ព្រឿង ម៉ារ៉ូត ហៅនុត ភេទប្រុស អាយុ១៨ឆ្នាំ រួមនឹងវត្ថុតាងម៉ូតូម៉ាកBrand (កង់បីផាស្អេប) ពណ៌លឿង គ្មានស្លាក លេខ(ជនសង្ស័យដោះចោល) លេខតួ15450 លេខម៉ាស៊ីន47199 ចំនួន០១គ្រឿង ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកសាកសួរ ។
លុះដល់ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបាននាំខ្លួនជនសង្ស័យម្នាក់ទៅស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ៣នាក់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំបន្ដ ។
បន្ទាប់មកសមត្ថកិច្ចបានជូនដំណឹងទៅជនរងគ្រោះ ឲ្យមកមើល ម៉ូតូម៉ាកខាងលើ បានអះអាងថាម៉ូតូដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យ ពិតជាម៉ូតូរបស់គាត់ (ជនរងគ្រោះ) ដែលបាត់នោះ ប្រាកដមែន ។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ភារ៉ា ដង្កោ