ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ីត្រៀមឈ្លានពាន, ពលរដ្ឋអ៊ុយក្រែន ត្រៀមធ្វើសង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Petro poroshenko បានអំពាវនាវឲ្យមានការត្រៀមលក្ខណៈ ធ្វើសង្គ្រាម ។ លោកបន្តទៀតថា បច្ចាមិត្ត ត្រូវទទួលខុសត្រូវ ចំពោះការឈ្លានពានមកលើទឹកដីអ៊ុយក្រែន ។

នៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសពីការត្រៀមលក្ខណៈធ្វើសង្គ្រាម ខាងលើ រួមទាំងវីដីអូស្តីពី ទិដ្ឋភាពនៃការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅតំបន់សមុទ្រ ដែលមានវិវាទផងដែរ ។

សារព័ត៌មាន Sputnik បានផ្សាយថា មេដឹកនាំអ៊ុយក្រែន ក៏បានចោទប្រកាន់ រុស្ស៊ី កំពុងតែប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំ ដោយមានទាហានប្រមាណ៨០ ពាន់នាក់ កាំភ្លើងធំនិងរ៉ុក្កែត ជាង ១៤០០ដើម ,រថក្រោះ៩០០គ្រឿង, រថពាសដែក និងរថយន្តចម្បាំង ២៣០០គ្រឿង យន្តហោះចម្បាំង ៥០០គ្រឿង និងឧទ្ធម្ភាគចក្រ ៣០០គ្រឿង ឡោមព័ទ្ធជុំវិញតំបន់ Donbass និងគ្រីមៀ ។

សារព័ត៌មាន Sky News បានដកស្រង់សម្តី ប្រធានាធិបតី Poroshenko បញ្ជាក់ថា សព្វាវុធរបស់រុស្ស៊ី បានដាក់ពង្រាយនៅតាមបណ្តោយព្រំដែន ប្រទេសអ៊ុយក្រែន ជាការត្រៀមលក្ខណៈដើម្បីឈ្លានពាន ។ តាមការប្រកាសនៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី Poroshenko បានព្រមានថា រុស្ស៊ីមានបំណងចង់វិលត្រឡប់ថយក្រោយ ពេលអ៊ុយក្រែន ទទួលបានឯករាជ្យ ពីស៊ូវៀត ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មានFunkeរបស់អាល្លឺម៉ង កាលពីថ្ងៃទី ២ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់ ទីក្រុងមូស្កូមានបំណង ឡើងគម្រោង ដណ្តើមគ្រប់គ្រងទីក្រុង កំពង់ផែចំនួន២ គឺទីក្រុងBerdyanskនិង Mariupol ដើម្បីធ្វើជាផ្លូវ លើដែនគោកទៅកាន់ តំបន់ Donbass និងគ្រីមៀ ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharovaបានច្រានចោលព័ត៌មានខាងលើ ដោយបញ្ជាក់ថា រុស្ស៊ីទើបជាប្រទេស ការពារអឺរ៉ុបយ៉ាងពិតប្រាកដ ពីការបែកបាក់ និង អំពើហឹង្សាការ វាយប្រហារភេរវកម្មនការឈ្លានពាន…។

នៅក្នុងកិច្ចប្រជុំ G-20 នាពេលកន្លងមក ក្នុងប្រទេសអាហ្សងទីន ប្រធានាធិបតីរុស្សីលោកពូទីន បញ្ជាក់ថា នឹងមិនមាន កិច្ចពិភាក្សា ណាមួយជាមួយអ៊ុយក្រេនឡើយ ក៏ដូចជា ដោះលេងទាហាន និងនាវាអ៊ុយក្រែននោះដែរ ។ កន្លងមក បារាំង អាល្លឺម៉ង បានអំពាវនាវដល់ ទីក្រុងមូស្កូដោះលេងនាវា និងនាវឹកអ៊ុយក្រែន ។

កន្លងមក ពលរដ្ឋនៅទីក្រុង Mariupol ស្ថិតនៅឆ្នេរសមុទ្រ Azov បានចាប់ផ្តើមជីក រូង «ត្រង់សេ»ត្រៀមលក្ខណៈ ស្មារតីសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ក្រោយហេតុការណ៍នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង ត្រូវរុស្ស៊ីចាប់ ។ ជាមួយគ្នានេះ រុស្ស៊ីបានបញ្ជូនសព្វាវុធ យន្តហោះចម្បាំង និងយោធាជាច្រើនទៅកាន់ព្រំដែន ។

សកម្មភាពខាងលើរបស់ពលរដ្ឋ និងកម្លាំងទាហានអ៊ុយក្រែន កើតឡើង ក្រោយពេលដែល អ៊ុយក្រែនបានប្រកាស ច្បាប់អាជ្ញាសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនរុស្ស៊ី ។ ជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន បាន ប្រកាស សង្គ្រាមទ្រង់ទ្រាយធំជាមួយ រុស្ស៊ី ៕


ចែករំលែក៖