ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកCANTER ទើបបើកចេញពីផ្ទះសំណាក់យីហោពោធិចិនតុង ដោយខ្វះការប្រុងប្រយ័ត្ន ចូលផ្លូវដែក ក៏ត្រូវរថភ្លើងបើកបុកកៀររុញបោកផ្ទប់ រថយន្តកាមរីបាឡែនមួយគ្រឿង ហើយបន្តទៅបុកកិនម៉ូតូមួយគ្រឿង និងរ៊ឺម៉កម៉ូតូទៀត បណ្តាលឲ្យមនុស្សស្រី៣នាក់រងរបួសស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវចូលវត្តតាំងកសាង កែងផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកCANTER ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0380 ជារថយន្តសម្រាប់ដឹកម៉ូតូ របស់ក្រុមហ៊ុន ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តរងគ្រោះ មួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-6344 រងខូចខាតខ្ទេច ។ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ស្លាកលេខ បានដាច់បាត់ អ្នកបើកបរ និងអ្នករួមដំណើរ ស្ត្រី៣នាក់រងរបួសស្រាល និងរ៊ឺម៉កម៉ូតូ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1N-3453 ខូចខាតកំពិត ផ្នែកខាងក្រោយបន្តិចបន្តួច ក្រោយកើតហេតុ បន្តដំណើរទៅបាត់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះ ដូចជា៖ ស្លាកប៉ាណូ និងទុយោទឹក ដាច់បាក់បែកមួយចំនួន ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ជារថយន្តសម្រាប់ដឹកម៉ូតូក្រុមហ៊ុន បានបើកចេញពីផ្ទះសំណាក់ពោធិចិនតុង ក្បែរកន្លែងកើតហេតុ ក្នុងទិសដៅពីជើងទៅត្បូង សំដៅឡើងទៅតាមផ្លូវសហព័ន្ធរុស្សី ក៏ប៉ុន្តែការបើកបររបស់គាត់ ខ្វះការប្រុងប្រយ័ត្ន បានបើកចតលើគន្លងផ្លូវ ហាមឃាត់របស់ផ្លូវដែក ស្របពេលនោះ ស្រាប់តែរថភ្លើងមួយខ្សែដឹកអ្នកដំណើរ បើកពីជើងទៅត្បូងសំដៅចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់ក៏បុកកៀរពីក្រោយរថយន្តបង្ក រុញអូសទៅផ្ទប់នឹងរថយន្ត កាមរីបាឡែនមួយគ្រឿង កំពុងចតលើចិញ្ចើមផ្លូវ ស្របទិសគ្នាផ្ទប់បោកទៅនិងបង្គោលស្លាកប៉ាណូ បុកដាច់ទាំងទុយោទឹក ហើយរថយន្តបង្កបន្តទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ កល់ជាប់ពីក្រោមមួយគ្រឿង និងប៉ះរ៊ឺម៉កម៉ូតូមួយគ្រឿងទៀតផងដែរ ។ ក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យស្ត្រី៣នាក់ ជាភាគីខាងម៉ូតូសេ១២៥ រងរបួសស្រាល រថភ្លើងនិងរថយន្តគៀបជាប់គ្នា ច្រង៉ាងពេញផ្លូវ ។
ក្រោយកើតហេតុ ភ្លាមៗ អ្នកបើកបររថយន្តដឹកម៉ូតូ ចុះរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ច បុគ្គលិក ក្រុមហ៊ុន អាយស្ម័យាន នាំគ្នាសម្រួលសចរាចរណ៍ និងរុញទាញយករថយន្តអែបគៀនខាង ទើបរថភ្លើងបើកចូលក្នុងព្រលាន រីឯម៉ូតូកង់បី ខូចខាតតិចតួច មិនបាននៅ ម្ចាស់សុខចិត្ត បើកយកទៅជួសជុលដោយខ្លួនឯង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះ៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចំណែកឯរថភ្លើង បើកដំណើរទៅមុនទៀត ៕សុខា សែនជ័យ