ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់សង្ស័យចាញ់ល្បែង លួចម៉ូតូស្រង់ដើម ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន មកសាកសួរ បន្ទាប់ពីលួចម៉ូតូរបស់គេនៅមុខបន្ទប់កាស៊ីណូ ឡាក់គីរ៉ូប៊ី ហើយបានជិះយកទៅបញ្ចាំ តែមិនបានសម្រេច ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២និងង៣០នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ាង វ៉ាស៊ួយ អាយុ ៤២ឆ្នាំ ប្រុស ជនជាតិ វៀតណាម មានទីលំនៅសង្កាត់១ ទីរួមខេត្តគៀនទឿង ខេត្តឡុងអាន ប្រទេសវៀតណាម ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ថាច់ ធី តង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ឡាក់គីរ៉ូប៊ី មានទីលំនៅភូមិ ថ្នូររៀង ឃុំ ឡុងសឿង ស្រុកកុកវ៉ាង ខេត្តស្រះត្រពាំង (កម្ពុជាក្រោម) ។ ចំពោះម៉ូតូម៉ាក វីសស្តុន ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ វៀតណាម ៦២ .U ១ . ០១៧.៥២ ។

បើតាមម្ចាស់ម៉ូតូរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានជិះម៉ូតូ មកបញ្ឈរទុកនៅ ខាងមុខបន្ទប់ដេករបស់ខ្លួន នៅចំណុចកាស៊ីណូឡាក់គីរ៉ូប៊ី ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំ ថ្មី ស្រុកកំពង់រោទ៍ ហើយក៏បានចូលសម្រាកដូចសព្វដង ដោយពុំបានចាក់សោ កឡើយ។

ប្រភពបន្តថា ក្រោយពីបាត់ម៉ូតូ ខ្លួនក៏បានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចមូលដ្ឋាន ទើបស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ខណៈកំពុងយកម៉ូតូទៅបញ្ចាំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ដើម្បីសាកសួរនុងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖