ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច តែត្រូវម្ចាស់ចេញមកទាន់ចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចម៉ូតូស្កុបពីមួយគ្រឿង បានសម្រេចហើយ ប្រុងជិះរត់គេចខ្លួន ត្រូវជនរងគ្រោះចេញមកទាន់ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាចាប់បានម្នាក់ ឯបក្ខពួកម្នាក់ទៀតរត់បាត់ ។

ករណីចោរលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះនី សាវ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់ប្រហិតមានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ និងជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ ឈ្មោះយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឡេងវ៉ាន់ថា ភេទប្រុស អាយ៣៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងភូមិកើតហេតុ ជាម្ចាស់ម៉ូតូ ម៉ាក ស្កុបពី ពាក់ស្លាកលេខភ្នំពេញ 1HA-6328 ។

បើតាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូវិលត្រឡប់មកពីផ្សារវិញ ដោយទុកម៉ូតូនៅមុខបន្ទប់រួចចាក់សោត្រឹមត្រូវហើយចូលក្នុងផ្ទះ រវល់តែជក់មើលទូរទស្សន៍ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឮសូរមានអ្នកបណ្តើរម៉ូតូដួលភ្លាមនោះរូបគេ ក៏ស្ទុះងើបមកមើល ស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងបណ្តើរចេញ និងរត់ដេញតាមស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះនាគ្នាចាប់បានម្នាក់ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕ សុខា សែនជ័យ

 


ចែករំលែក៖