ខេត្តប៉ៃលិន ៖ លោក ផាត់ វីរះ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រំខេត្តប៉ៃលិន ដែល ទើបឡើងកាន់តំណែងថ្មីថ្មោង ជំនួសលោក សួស សុខដារា នោះ កំពុងរងនូវការរិះគន់ពីក្រុមឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញថា គាត់ «ផាត់ វីរះ ឲ្យនគរបាលជាដៃជើង មនុស្សទំនុកចិត្តរបស់ខ្លួនប្រមូលសេដ្ឋកិច្ច តាមរយៈ ការធ្វើស្ថិតិ ដើម្បីកេណ្ឌក្រុមឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ (រកស៊ីបង់ពន្ធមិនគ្រប់ និងនាំចូលទំនិញឆ្លងកាត់ ខុសម៉ោងរដ្ឋបាល) ជាដើម…ត្រូវគិតគូរសេវា ដើម្បីជៀសពីការបិទបារ៉ាស ឬរំខានដល់ការដឹកជញ្ជូន ។
មន្ត្រីសាលាខេត្តបានលួចបង្ហើបថា យោងតាមអនុក្រឹត្យលេខ៦៤មសន មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរ ជាតិ គឺមានតួនាទី ត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ ប្រថាប់ត្រាលើ លិខិតឆ្លងដែន (ទិដ្ឋិការ) ទប់ស្កាត់ការហូរចូលរាល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងផ្តល់ទិដ្ឋការភ្ញៀវចូលប្រទេស ។ ប៉ុន្តែលោក ផាត់ វីរះ ដែលទើបមកកាន់តំណែងនេះ ប្រហែលជាត្រូវចំណាយ(កញ្ចប់)ក្នុងតំណែង និងស្រក់ ទឹកមាត់ ចំពោះផលប្រយោជន៍ ទើបបង្កើតឲ្យមានយុទ្ធសាស្ត្របែបនេះ ដើម្បីទាញយកលាភសក្ការៈក្នុងតំណែង ទាំងបំពានទៅនឹងតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងអនុក្រឹត្យលេខ៦៤មសន ។
គួររំឭកថា លោក ផាត់ វីរះ មិនទាន់ធ្វើកំណែទម្រង់ក្នុងការដឹកនាំរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវបាន នៅឡើយទេ ខណៈមន្ត្រីរបស់ខ្លួននៅតែបន្តធ្វើសកម្មភាពជាន់កពលរដ្ឋ អាជីវករតូចតាច ដឹកទំនិញតាមរទេះ តម្រូវឲ្យបង់លុយ ដោយគ្មានវិក្កប័ត្រនេះជាដើម ។
គេមានជំនឿថា មិនយូរទេ ករណីតម្រូវឲ្យឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញត្រូវបង់ក្បាលរថយន្តជូនទៅលោក ផាត់ វីរះ អាចនឹងផ្ទុះធ្លាយ ខណៈឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនខ្លះមានសែស្រឡាយ ខ្នងអ្នកធំ ក៏ដូចជាមានចរឹក បោះនុយឲ្យត្រីធំ ។ ដូច្នេះប្រសិនបើលោក ផាត់ វីរះ ត្រូវបានបង្ខំ ឬជំរិតឈ្មួញ និង ក្រុមហ៊ុនដឹកជញ្ជូនតាមទំនើងចិត្តខ្លួនទាមទារ អាចនឹងប្រតិកម្ម ។
ពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្ត មនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក ផាត់ វីរះ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រំខេត្តប៉ៃលិន នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយគ្មាន លេខទូរស័ព្ទ ។
ដោយឡែកខាងស្នាក់ការ គ្រប់គ្រងដោយសាលាខេត្តមានតួនាទីជាប្រធានស្នាក់ការ និងជាអ្នកធ្វើប័ណ្ណព្រំដែនឲ្យ ប្រជាពលរដ្ឋជាប់ព្រំដែនឆ្លងកាត់ ក៏ដូចជាស្ថាប័នគយ ជាអ្នកប្រមូលពន្ធ កាំកុងត្រូលជាអ្នកត្រួតពិនិត្យកាលបរិ ច្ឆេទ គុណភាពទំនិញ ហើយខាងពេទ្យសត្វជាអ្នកត្រួតពិនិត្យសុខភាពសត្វ ក៏ដូចជាការហូរចូលទំនិញផលិតមាន ដើមកំណើតអំពីសត្វ ក៏នឹងត្រូវតាមដានក្នុងរឿងនេះ ។ ប្រសិនបើកើតមានអំពើពុករលួយមិនត្រូវបានស៊ីចង្វាក់គ្នា (ខ្វះការឯកភាព ពុករលួយលក្ខណៈប្រព័ន្ធ) ប្រាកដជានឹងបែកធ្លាយមិនខានឡើយ ៕ សុខខេមរា