ប្រទេសឡាវ៖ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ យ៉ាងស្និទ្ធស្នាល រាក់ទាក់កក់ក្ដៅបំផុត ពីលោកននាយករដ្ឋមន្រ្តីឡាវរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯឧ ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាល នាទីក្រុងវៀងច័ន្ទ។
កិច្ចប្រជុំទ្វេភាគីរវាង សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីឡាវ គឺបានចំណាយពេលជិត២ម៉ោងដែលទទួលបានទ្ធផលដ៏ត្រចះត្រចង់ក្នុងការពង្រឹងមិត្តភាព និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសគឺខិតខំរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពរឹងមាំល្អប្រសើរខ្លាំងឡើងថែមទៀត៕