ព័ត៌មានទាន់ហេតុការណ៍៖

ថៃលុបចោលច្បាប់ហាមធ្វើសកម្មភាពនយោបាយ នៅក្នុងខែធ្នូ ឆ្នាំ២០១៨

ចែករំលែក៖

គណៈកម្មការជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ សង្គមថៃ NCPO បានប្រកាសថា នឹងលុបច្បាប់ ហាមប្រាមធ្វើសកម្មភាពនយោបាយនៅក្នុង ខែធ្នូនេះ ។ ការសម្រេចខាងលើ ដើម្បីជាការបើកផ្លូវដល់អ្នកនយោបាយ ចាប់ផ្តើមធ្វើសកម្មភាពទាក់ទាញការគាំទ្រពីពលរដ្ឋ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ និងជាប្រធាន NCPO បានបញ្ជាក់ថា ច្បាប់ហាមប្រាមធ្វើសកម្មភាពនយោបាយ នឹងត្រូវលុបចោលនៅខែធ្នូ ឆ្នាំ២០១៨នេះ តែមិនបានប្រកាសពេលវេលាច្បាស់លាសឡើយ ។ ប៉ុន្តែក្រុមអ្នកជំនាញបានបញ្ជាក់ថា ការលុបច្បាប់ហាមប្រាម នឹងមានប្រសិទ្ធភាព ក្រោយពេលដែលច្បាប់ជ្រើសរើសសមាជិកព្រឹទ្ធសភាមានប្រសិទ្ធភាពនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ការលុបច្បាប់ ហាមធ្វើសកម្មភាពនយោបាយ នឹងអនុញ្ញាតឲ្យបណ្តាគណបក្ស អាចធ្វើសកម្មភាពឃោសនា ត្រៀមសម្រាប់បោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ប៉ុន្តែ បើទោះបី មានការលុបច្បាប់ហាមប្រាម ធ្វើសកម្មភាពនយោបាយនាពេលនេះក្តី តែអ្នកនយោបាយ មិនអាចឃោសនានៅពេលនេះឡើយ រង់ចាំរហូតដល់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ជាពេលវេលាដែលបានអនុញ្ញាត ឲ្យឃោសនាជាផ្លូវការស្វែងរកសំឡេងគាំទ្រ ៕ ម៉ែវ សាធី


ចែករំលែក៖