ខេត្តកណ្តាល: ពិតជាអកុសលនិងសូរណាស់ ដែលម្ដាយបានចងមុងឲ្យកូនដេកហើយបានយកដៃទៅចាប់តោងបង្គោលដែក ដែលមានចងខ្សែភ្លើងក្បែរនោះ បណ្តាល ឲ្យខ្សែភ្លើងដែលឆ្លងចរន្តឆក់ស្លាប់ចោលកូននិងប្តីយ៉ាងអាណោចអាធ័ម។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃ សុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជុំ ស្ដើង ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សាក្សីបានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានរៀបចំចងមុងឲ្យកូនដេក ហើយបានយកដៃទៅចាប់តោងបង្គោលដែក ដែលមានចងខ្សែភ្លើងឆ្លងកាត់ នៅក្បែរនោះ ក៏បណ្ដាលឲ្យឆក់ដួលផ្ងារក្រោយតែម្តង ។ភ្លាមៗនោះក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យដែរ តែពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកយកសពមកផ្ទះវិញ និងបានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅពិនិត្យសព។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកកម្លាំងនគរបាលជំនាញ ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ពេទ្យឃុំ មេភូមិ ទៅដល់ធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ជាអំពើឃាតកម្មនោះ ទើបសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយខ្សែភ្លើងឆក់ រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ