ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរលួចស្លាកលេខរថយន្តម្នាក់ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចោរលួចស្លាកលេខរថយន្តយ៉ាងសកម្ម កាលពីវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តឧណ្ណាឡោម ផ្លូវព្រះស៊ីសុវត្តិ ភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ជួន គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។ចំណែកជនរងគ្រោះ ឈ្មោះ HE ZHUOJIE ភេទប្រុស អាយុ២៤ឆ្នាំជនជាតិចិន មុខរបរលក់ដូរមានទីលំនៅស្នាក់នៅសណ្ឋាគារមេគង្គអាយលែនផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន E34516006 ។ វត្ថុតាងចាប់យកបានមាន ស្លាកលេខរថយន្តចំនួន១ លេខភ្នំពេញ 2AW 3558 និងទុយណឺវីសចំនួន០១ ។

យោងតាមមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះឈ្មោះ HE ZHUOJIE ភេទប្រុសអាយុ២៤ឆ្នាំជនជាតិចិន បានបើករថយន្តម៉ាកHYUNDAI TUCSON ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW 3558 ចេញពីកោះពេជ្រ មកចតនៅមុខវត្តឧណ្ណាឡោម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយចុះដើរទៅហូបអាហារនៅហាងក្បែរនោះ ពេលនោះក៏មានជនសង្ស័យឈ្មោះជួន គង់ ភេទប្រុសអាយុ២៦ឆ្នាំបានដើរទៅធ្វើសកម្មភាព យកទួឡឺវីស ឆ្កឹះលួចយកស្លាកលេខរថយន្តខាងមុខរបស់ជនរងគ្រោះបានសម្រេចបំរ៉ុងគេចខ្លួនត្រូវបានសន្តិសុខឃើញស្រែកឆោឡោដេញតាមពីក្រោយ ពេលនោះកម្លាំងល្បាតប៉ុស្តិ៍ជ័យជំនះនៅក្បែរនោះឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងស្លាកលេខរថយន្តនាំមកទីស្នាក់ការប៉ុស្តិ៍តែម្តង (ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖