ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្ដាឲ្យខូចខាតយ៉ាងដំណំដូចគ្នា ខណៈដែរបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ក្នុងល្បឿនលឿនពេក ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស GS300 ចំពីចំហៀងឆ្វេងទាំងកំរោល ត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យផ្លោងបោកផ្ទប់និងទ្វាររថយន្តខូចខាតយ៉ាងដំណំ រីឯម៉ូតូខូចខាតផ្នែកខាងមុខខ្ទេច ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ២៦១ កែងផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8862 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៨ ពីកើតទៅលិច ក្នុងល្បឿនលឿនល្មម លុះដល់ចំណុចកើតហេតុ មិនបានបន្ថយល្បឿន ស្រាប់តែមានយុវជនម្នាក់ ម៉ូតូមួយគ្រឿង ម៉ាក Smash-V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-0741 ទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនគួរសម ចំណុចផ្លូវបែកជាបួន ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស GS300 ចំពីចំហៀងឆ្វេង បណ្ដាលឲ្យ យុវជនខាងលើនោះផ្លោងបោកផ្ទប់និងទ្វាររថយន្តខាងក្រោយ ចំណែកម៉ូតូនិងមនុស្សខ្ទាតទៅបោក ទ្វាររថយន្តខាងមុខ និងកាងលើ កង់ខាងមុខ សំណាងល្អ ដែលបុរសខាងលើ ពាក់មួកសុវត្ថិភាត្រឹមត្រូវរងរបួសស្រាល ។ ភ្លាមនោះភាគីទាំងសងខាង បានចុះមកនិយាយគ្នា និងលើកម៉ូតូចេញពីកន្លែងកើតហេតុ តែក្រោយមកដោះស្រាយគ្នាមិនចេញ រហូតបង្កការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង នឹងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ តែភាគីទាំងសងខាង ក៏បានសុំចរចារគ្នាមួយជំហានទៀតសិន បើមិនត្រូវគ្នាទេ គាត់និងប្រគល់ឲ្យសមត្ថកិច្ចផ្នែកចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ស រស្មី