រដ្ឋាភិបាលអេហ្ស៊ីបបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចក្រុមគូប្រជែងនយោបាយ ប្រើប្រាស់និមិត្តសញ្ញា «អាវកាក់ពណ៌លឿង» ដែលកំពុងតែពេញនិយមនៅបារាំង ដើម្បី រៀបចំធ្វើបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាល ដូចកាលពីឆ្នាំ២០១១ នៅក្នុងបាតុកម្ម បដិវត្តន៍ផ្កាម្លិះ។
ការទិញអាវ កាក់ពណ៌លឿងត្រូវបានហាមប្រាមនៅក្នុងតំបន់មួយចំនួននៅក្នុង ប្រទេសអេហ្សីប ពលរដ្ឋមិនអាច ទិញអាវនេះបានឡើយនាពេលនេះ ។ កន្លងមកថ្មី មេធាវីម្នាក់ពាក់អាវកាក់ពណ៌លឿងបង្ហោះរូបថត ត្រូវតុលាការកាត់ទោសជាប់ឃុំ១៥ថ្ងៃ ។
អាវកាក់ពណ៌លឿង បាននិងកំពុងល្បីល្បាញខ្លាំងនៅក្នុងប្រទេសបារាំង បន្ទាប់ពីអ្នកដែលពាក់អាវកាក់នេះ នាំគ្នាដង្ហែក្បួនធ្វើបាតុកម្មរហូតផ្ទុះអំពើហិង្សាបណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់នោះ នៅឯប្រទេសអេហ្ស៊ីបឯណោះវិញ មេធាវីម្នាក់បានពាក់អាវកាក់ពណ៌លឿងនោះដែរ ហើយបង្ហោះរូបថត ក៏ស្រាប់តែត្រូវបានចាប់ខ្លួនបញ្ជូនចូលដេកគុករយៈពេល១៥ថ្ងៃ ។
កាសែតរ៉យទ័របានផ្សាយថា រដ្ឋអាជ្ញានៅក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១១ ខែធ្នូ បានសម្រេចដាក់ទោសឃុំខ្លួនមេធាវីម្នាក់រយៈពេល១៥ថ្ងៃ ពីបទចែកចាយជាសាធារណៈ នូវរូបថតរបស់ខ្លួនដែលពាក់អាវកាក់ពណ៌លឿង ស្រដៀងគ្នានឹងអាវកាក់ពណ៌លឿងដែលក្រុមបាតុករពាក់ធ្វើបាតុកម្មនៅប្រទេសបារាំង ។
ប្រភពថា ការចាប់ខ្លួននោះ ធ្វើឡើងនៅភាគខាងជើងទីក្រុង Alexandria ស្របពេលអាជីវករបាននិយាយថា ប៉ូលិសបានបិទមិនឲ្យដាក់លក់អាវកាក់នោះឡើយ ដើម្បីការពារជាមុន ការយកលំនាំធ្វើបាតុកម្មបែបនេះណាមួយកើតឡើង នៅមុនពិធីរំលឹកខួបទី២៥ មករា ថ្ងៃប៉ះបោរនៅអេហ្ស៊ីបឆ្នាំ២០១១នោះ ៕ ម៉ែវ សាធី