ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម៉ែបន្ទោសរឿងសុំលុយដើរលេង ដេញវាយរត់ពេញភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវកូនអកត្តញូម្នាក់ដេញវាយ រត់ពេញភូមិឲ្យអ្នកភូមិជួយ ព្រោះតែខឹងរឿងសុំលុយយកទៅស៊ីចាយមិនបាន ។ កូនអកត្តញូនេះ ត្រូវបានសមត្ថកិចឃាត់ខ្លួនជាបន្ទាន់ផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាមវាយម្តាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រាកដមែន ។

ហេតុការណ៍កូនដេញវាយម្តាយនេះ កើតឡើងកាលពី១៩និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ឆន ចាន់ឡី ភេទប្រុស អាយុ ២៥ឆ្នាំ ម្តាយឈ្មោះ ម៉ាន់ ឆែម អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពពីសមត្ថកិចបានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដោយបានគំរាម និងដេញវាយម្ដាយរបស់ខ្លួន និងបានវាយបំផ្លិចបំផ្លាញ ពាងឲ្យបែកចំនួន ១ កញ្ចក់មួយផ្ទាំង និងកាត់ខ្សែពានគោយន្ដទៀតផង ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ រូបគាត់នៅផ្ទះជាធម្មតា ស្រាប់តែមិនដឹងថា កូននេះ មកពីណាឡើយ មកសុំលុយតែគាត់ប្រាប់ថា ម៉ែគ្មានលុយនោះទេ កូនធំហើយ គួរណាស់តែរកការងារធ្វើ ជួយសម្រាលបន្ទុក បែរជាមកតែសុំលុយទៅដើរលេងសុីចាយជាមួយពួកម៉ាកទៅវិញ ។ និយាយចប់ ស្រាប់តែស្ទុះដេញវាយគាត់ ពេលនោះគាត់រត់រកអ្នកភូមិឲ្យជួយតែម្តង ។ ស្ត្រីជាម្តាយបន្តថា ដោយខឹងអ្នកភូមិជួយគាត់ គេក៏ទៅបំផ្លាញទ្រព្យសម្បត្តិទៅវិញ ។

ក្រោយពីឃាត់ខ្លួនសាកសួរ មុខសញ្ញាខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខាងលើពិតប្រាកដមែន ព្រោះខឹងម្តាយស្តីបន្ទោសហើយសុំលុយមិនបាន ក៏ធ្វើបែបនេះតែម្តង ក្រោយឃាត់ខ្លួនសមត្ថកិចបាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖