ព័ត៌មានទាន់ហេតុការណ៍៖

កម្មករនៅរោងចក្ររផលិតអំពូលភ្លើងលំអរ ខ្សែភ្លើង និងកេសកាតុង បែហុង ខេមបូ នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ ទាមទារលក្ខខណ្ឌការងារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនប្រមាណ៨៨០នាក់ បម្រើការងារក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀង ហ្គីហ្គារីសស៍ នៅរោងចក្ររផលិតអំពូលភ្លើងលំអរ ខ្សែភ្លើង និងកេសកាតុង បែហុង ខេមបូ បាននាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ ខណៈដែលទាមទារលក្ខខណ្ឌការងារមួយចំនួនឲ្យថៅកែរោងច្រក និងមន្ទីការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវះខេត្តស្វាយរៀងរកដំណោះស្រាយ ។

ការធ្វើកូដកម្មមិនចូលធ្វើការនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅរោងចក្រផលិតអំពូលភ្លើងលំអរ ខ្សែភ្លើង និងកេសកាតុង បែហុង ខេមបូ ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសស៍នៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមតំណាងកម្មករបានឲ្យដឹងថា ការធ្វើកូដកម្មមិនចូលធ្វើការគឺពួកគាត់ទាមទារលក្ខខណ្ឌការងារ មួយចំនួនពីថៅកែរោងចក្រដូចខាងក្រោម ៖

១-សុំឲ្យក្រុមហ៊ុនរៀបចំកន្លែងដាក់ម៉ូតូ ក្នុងរោងចក្រងាយស្រួលក្នុងការយកចេញ

២-សុំចូលធ្វើការម៉ោង១២និង៣០នាទី ថ្ងៃធម្មតា

៣-ការងារ សាកល្បង១៦៥$ ក្នុងមួយខែ អត់បូកថ្ងៃអាទិត្យ

៤-ថ្ងៃបុណ្យ សូមធ្វើការគុណ ឲ្យកម្មករ កម្មការិនី

៥-ស្នើឲ្យរោងចក្រមានឡានពេទ្យសម្រាប់កម្មករ ពេលមានគ្រោះថ្នាក់ក្នុងពេលបំពេញការងារ

៦-សុំមិនថែមម៉ោង ពេលថ្ងៃត្រង់ ។

៧-មិនត្រូវជិះជាន់លើកម្លាំងកម្មករ

៨-ស្នើសុំកុំឲ្យសន្តិសុខដកកាតពីកម្មករ ពេលចេញម៉ោង១៦ និង៣០នាទី

៩-ពេលថែមម៉ោង ឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់កម្មករ

១០-ពេលបើកលុយ សុំឲ្យបើកក្នុងម៉ោងការងារ និង

ទី១១-ស្នើសុំឲ្យរោងចក្របើកលុយឲ្យកម្មករភ្លា មក្រោយពេលបញ្ឈប់កម្មករ ។

បើតាមមន្ត្រីមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវះខេត្តស្វាយរៀងបានឲ្យដឹងថា ការធ្វើកូដកម្មរបស់កម្មករនេះរហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់នេះ គឺមិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈមានវត្តមានលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តលោកអ៊ូសុខខឿនអនុប្រធានមន្ទីការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តស្វាយរៀងតំណាងថៅកែរោងចក្រតំណាងកម្មករ និងសមត្ថកិច្ចដែលពាក់ព័ន្ធចូលរួមពិភាក្សារកដំណោះស្រាយលក្ខខណ្ឌការងារតាមច្បាប់ផងដែរ ៕ យឹម សុថាន


ចែករំលែក៖