ភ្នំពេញ៖ ពលរដ្ឋម្នាក់នាំគ្នាលាន់មាត់ថា ពីតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់! ខណៈដែលមានកញ្ចក់បង្អួចដែលមានកម្រាស់ក្រាស់មួយផ្ទាំងធំ នៅលើអគារជាន់ទី១១ នៃសណ្ឋាគារយីហោ ឡឺ ម៉ុង បានធ្លាក់ចំរថយន្តមួយគ្រឿងបណ្ដាលឲ្យខូចខាត ប៉ុន្តែម្ចាស់ទីតាំងមិនព្រមចេញមុខមកដោះស្រាយជាមួយជនរងគ្រោះ បើទោះបីជាមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុក៏ដោយ ចុងក្រោយម្ចាស់រថយន្តរងគ្រោះយកទៅជុសជួលដោយខ្លួនឯង ។
ករណីធ្លាក់កញ្ចក់បង្អួចមួយផ្ទាំងធំនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារយីហោ ឡឺ ម៉ុង នៅតាមបណ្តោយផ្លូវ១៤៣ កែងផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ស្រាប់តែមានកញ្ចក់បង្អួចដែលមានកម្រាស់ក្រាស់មួយផ្ទាំងធំ នៅលើអគារជាន់ទី១១ នៃសណ្ឋាគារយីហោ ឡឺ ម៉ុង បានធ្លាក់ចំរថយន្តមួយគ្រឿងបណ្ដាលឲ្យខូចខាត ប៉ុន្តែម្ចាស់ទីតាំងមិនព្រមចេញមុខមកដោះស្រាយជាមួយជនរងគ្រោះ បើទោះបីជាមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុក៏ដោយ ចុងក្រោយម្ចាស់រថយន្តរងគ្រោះយកទៅជុសជួលដោយខ្លួនឯង ។
សាក្សីបន្តទៀតថា នេះសំណាងហើយដែលកញ្ចក់បង្អួចមួយផ្ទាំងដ៏ធំនោះ ធ្លាក់មិនត្រូវចំមនុស្សកំពុងដើរ ឬជិះម៉ូតូ ហើយបើសិនចំមនុស្សឲ្យរងរបួសធ្ងន់ ឬស្លាប់វិញ តើអ្នកណាទទួលខុសត្រូវ បើម្ចាស់ទីតាំងមានការធ្វេសប្រហែសបែបនេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យដែល តែគ្មានអ្នករងរបួស ហើយសមត្ថកិច្ចបានណែនាំឲ្យអ្នកគ្រប់គ្រង់សណ្ឋារ ឡឺ ម៉ុង ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ ៕ស រស្មី