ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូស្រវឹងជោកខ្វះការប្រុងប្រយ័ត្នមកដល់ផ្លូវកោងរេចង្កូតចូលប្រឡាយអត់ទឹករងរបួសធ្ងន់ម្នាក់ឯង

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះពេលដែលបុរសរូបនោះបានជិះម៉ូតូជូនមិត្តភក្តិចេញពីកន្លែងផឹកស៊ី ផ្ទះមិត្តភក្តិនៅចុងភូមិ ពេលជូនមិត្តភក្តិម្នាក់ស្រវឹងនោះដល់ផ្ទះ ក៏បានត្រឡប់មកវិញ ពេលមកដល់ពាក់កណ្ដាលផ្លូវ ដល់ផ្លូវកោងក្រួសក្រហម ស្រាប់តែរេចង្កូតក៏ដួលចូលប្រឡាយអត់ទឹករងរបួសធ្ងន់តែម្ដង ។

ក្រោយមក ត្រូវបានកម្លាំងប្រជាការពារភូមិ និងអ្នកភូមិដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

បើតាមប្រភទព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រួសក្រហម ក្នុងភូមិអូរត្រែង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ បូរ ធឿនភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិទឹកផុត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសធ្ងន់បែកក្បាលរយះអណ្ដាត់ រលាត់ដៃជើង) ។ បុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០០៥ អត់ស្លាកលេខ ទិសដៅពីកើតទៅលិច ខ្វះការប្រុងប្រយ័ត្នដល់ផ្លូវកោងរេចង្កូតចូលប្រឡាយបណ្ដាលឲ្យដួលថ្កាបមុខរងរសធ្ងន់ម្នាក់ឯង ។

សមត្ថកិច្ចប្រាប់ថាក្រោយពីកើតហេតុរួច ម៉ូតូជនរងគ្រោះត្រូវបានបានប្រគល់ជូនឲ្យបងប្អូនក្រុមក្រួសារយកទៅជួសជុល ៕ ស សារ៉េត


ចែករំលែក៖