ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ ក្នុងចំណោម៥នាក់ បានលង់ទឹកស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ក្មេងស្រីម្នាក់បានបាត់បង់ជីវិត គ្រាដែលក្រុមក្មេងចំនួន៥នាក់ និងក្មេងរងគ្រោះ ទៅលោតទឹកលេងក្នុងប្រឡាយដែលមានពើកស្តើងនិងក្រាល់ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង​ ៦និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិកំបោរ ឃុំភ្នំលៀប​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ឈឿម ស្រីនិត​ អាយុ១០ឆ្នាំ ភូមិកំបោរ ឃុំភ្នំលៀប​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុស-ស្រីចំនួន៥នាក់ បានទៅរកជញ្ជាត់ត្រីក្រឹមអតីតជាស្រះទឹកនោះ ក្រោយមក ក៏មានការជីកប្រឡាយកាត់ស្រះទឹកនោះដោយអេស្កាវ៉ាទ័រ ដែលមានជំរៅ២ម៉ែត្រ​ ទទឹង១,៥០ម៉ែត្រ ខាងជើងសាលារៀន ភូមិកំបោរ ៣០ម៉ែត្រ ក្នងប្រឡាយនេះមានពើកដុះពីលើទឹកកន្លែងខ្លះក្រាស់ កន្លែងខ្លះស្ដើង កន្លែងដែលក្រាស់មនុស្សអាចដើរពីលើបាន ហើយរយះកាលកន្លងមកក្រុមក្មេងៗទាំងនេះតែងតែទៅឡើងលើពើកក្រាស់នោះ លោតលេងនៅកន្លែងកើតហេតុនោះដែលមានកន្លែងស្រឡះ អតីតជាស្រះនោះ គឺមានទទឹង៥ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ពុំដែលមានអ្វី កើតឡើងនោះទេ ។

លោកអធិការបានបញ្ជាក់ថា៖នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះ ឈ្មោះ ឈឿម ស្រីនិត​ អាយុ១០ឆ្នាំ ភូមិកំបោរ ឃុំភ្នំលៀប​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងក្មេងក្នុងភូមិ ក្រោយ​ពីរកចាប់ត្រីក្រឹមរួច ក៏នាំគ្នាឡើងលើពើកលោតលេងដូចសព្វមួយដង តែចៃដន្យបែរជាជ្រមុជទៅនៅក្រោមពើកក្រាស់ រកកន្លែងផុសចេញមិនរួច បណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង ហើយបើតាមការពិនិត្យ ដែលមានជំនាញនគរបាលបច្ចេកទេសស្រុក និងគ្រូពេទ្យមូលដ្ឋាន បង្ហាញថា កុមារីរងគ្រោះគឺពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះ ឡើយ។

ក្រោយពីពិនិត្យរួចរាល់របស់មន្រ្តីជម្នាញសពរងគ្រោះបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖