ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃសុក្រស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍បីករណី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងស្រីជំទង់ម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និងបុរសចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើក នៅស្រុកក្រគរ និងក្រុងពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣បេ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក កូរ៉ូឡា ពណ៏កណ្ដុប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2E 0047 (រត់គេចខ្លួន) ធ្វើដំណើរច្រាស់ទិសគ្នាជើងត្បូង ត្បូងជើង លុះទៅដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H 2881 បណ្ដាលឲ្យរបួសធ្ងន់ភាគ្គីខាងម៉ូតូឈ្មោះ ហឿន ឃ្លឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

ប្រភពដដែលបន្តថា លុះនៅវេលាម៉ោង៥ និង១៤នាទី ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣.១៤៤ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្តម៉ាក ហាយឡែនឌ័រ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U 9855 ឈ្មោះ យក់ សុដេត ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់.ក្រុង.ខេត្តបាត់ដំបង ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH 9413 បណ្ដាលឲ្យឈ្មោះ ឈួន មន ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់(របួសធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរទាំងពីករណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូចំនួន ៤គ្រឿង រក្សាទុកជាបណ្ដោះអាសន្នអធិការដ្ឋាននគរបាលស្រុក។

ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឯនេះវិញ នៅវេលាម៉ោង៨ និង១២នាទីយប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយក្មេងស្រីជំទង់ម្នាក់ឈ្មោះ ណារី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ដុកជុំ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 2019 ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះទៅដល់ចំណុចកើតហេតុបានបុកគោយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែង ចំណែកគោយន្តបានបើករត់គេចបាត់ សមត្តកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន


ចែករំលែក៖