ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បង្កដោយរថយន្តក្រុងរបស់រដ្ឋ បើកបុករះទាំងម៉ូតូរុឺម៉ក ម៉ូតូ និងរថយន្តជាច្រើនគ្រឿងនៅតាមផ្លូវ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង និងមនុស្សផ្សែងទៀតបានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង០២ និង២៥នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣៧១ ជិតច្រកចូលវត្តពោធិញ្ញាណ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍នេះអ្នកបើកបររថយន្តក្រុងបង្កហេតុត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗ និងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។ ដោយរថយន្តបង្កជារថយន្តក្រុងរបស់រដ្ធសាធារណៈការដឹកជញ្ជូន ពាក់ស្លាកលេខរដ្ឋ37 3-0009 គឺខ្សែទី 12 ហើយរថយន្តរងការខូចខាតមានចំនួន៥គ្រឿង ម៉ូតូចំនួន១គ្រឿង រុឺម៉កម៉ូតូចំនួន១គ្រឿង ។
ចំណែកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន ខណះមនុស្សរងរបួសធ្ងន់ស្រាល ក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយកវត្ថុតាងទាំងរថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ