ខេត្តកណ្ដាល៖ បុរសដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញចងក.ស្លាប់នៅលើដើមប្រេងខ្យល់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចដីចំការរបស់ឈ្មោះ ភុំ ភាង ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ ហ៊ួត ហុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះតែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតវង្វេងវង្វាន់ស្មារតី និងតែងដើរបាត់ពីផ្ទះជាញឹកញាប់ផងដែរ ។ លុះមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានដេកនៅលើគ្រែក្រោមផ្ទះ ចំណែកឯបងប្អូនបានចេញពីផ្ទះទៅធ្វើការអស់ ដោយនៅជាមួយនឹងក្មួយប្រុសម្នាក់ចាំមើលថែរ ។ លុះមកដល់វេលាម៉ោងប្រមាណ១៧ ថ្ងៃខែដដែល ឈ្មោះ ម៉ៅ បញ្ញា ដែលត្រូវជាក្មួយរបស់ជនរងគ្រោះបានចេញទៅមាត់ស្ទឹងខាងមុខផ្ទះដើម្បីបង់សំណាញ់ ខណៈមកដល់វេលាម៉ោង១៨និង៣០នាទី ឈ្មោះ ម៉ៅ បញ្ញា ជាក្មួយត្រឡប់មកវិញ ក៏ស្រាប់តែឃើញជនរងគ្រោះចងក.ស្លាប់នៅលើដើមប្រេងខ្យល់ ភ្លាមនោះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.សម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីធ្វើការពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ