ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសចិត្ដជាសត្វតិរច្ឆានវាយម្ដាយបំផ្លាញទ្រព្យសម្បត្ដិត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពវាយទៅលើស្រ្ដីជាម្ដាយបង្កើត បណ្ដាលឲ្យរងរបួស ហើយនៅតែមិនអស់ចិត្ដបានបន្ដវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះបែកខ្ទិចខ្ទីគ្មានសល់ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យរូបនេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ យុន វិច្ឆ័យ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកឯស្រ្ដីរងគ្រោះជាម្ដាយឈ្មោះ គួយ វ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុស្រ្ដីរងគ្រោះជាម្ដាយបានស្រែកស្ដីបន្ទោសនិងរកវាយទៅលើកូនប្រុសឈ្មោះ យុន ភ័ត្ដ្រា ដែលត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ ខណៈនោះស្រាប់តែជនសង្ស័យស្ទុះចេញពីក្នុងផ្ទះច្រានស្រ្ដីរងគ្រោះជាម្ដាយដួលខ្ទប់ទៅនឹងជញ្ជាំង រួចបានហក់ស្ទុះទៅដាល់បន្ថែមចំនួន២ទៅ៣ដៃទៀត ។ បន្ទាប់ពីវាយស្រ្ដីជាម្ដាយរួច ជនសង្ស័យនៅតែមិនអស់ចិត្ដបានទាញដំបងវាយបំផ្លិចបំផ្លាញនៅក្នុងផ្ទះបែកខ្ទិចខ្ទីគ្មានសល់ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ ខ្លួនបានប្រើប្រាស់គ្រឿងញៀន លុះមកដល់ម៉ោងកើតហេតុខ្លួនកំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែឮសម្លេងម្ដាយជេរនិងគម្រាមរកវាយប្អូនរបស់ខ្លួន ជាហេតុធ្វើឲ្យខ្លួនមួរម៉ៅ ខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទៅច្រានម្ដាយដួលបោកទៅលើជញ្ជាំង និងដាល់២ទៅ៣ដៃបន្ថែមទៀត តែនៅមិនអស់ចិត្ដក៏បន្ដវាយបំផ្លាញទ្រព្យសម្បត្ដិ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕ស្អាងជ័យ


ចែករំលែក៖