ព័ត៌មានទាន់ហេតុការណ៍៖

សេវា VoWiFi ដំបូងគេរបស់កម្ពុជាត្រូវបានដាក់ឲ្យដំណើរការ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី18 ខែធ្នូ ឆ្នាំ2018 នេះក្រុមហ៊ុន Smart Axiata បានដាក់ឲ្យដំណើរការសេវា Voice over WiFi ( VoWiFi ) ដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនធ្វើការហៅចេញ ឬទទួលការហៅចូលនិងផ្ញើសារតាមរយៈការភ្ជាប់ប្រព័ន្ធ WiFiនានានៅលើពិភពលោក ។ សេវាកម្មនេះមានឈ្មោះថាSmart WiFi Calling ។

បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Smart ដែលប្រើស៊ីម Smart 4G និងឧបករណ៍ ដែលអាចប្រើសេវាកម្មនេះធ្វើការហៅចេញ ឬទទួលការហៅចូលនិងផ្ញើសារតាមបណ្តាញប្រព័ន្ធ WiFiណាមួយគ្រប់ពេលវាលាដោយភាពងាយស្រួលដូចការប្រើសេវាទូរស័ព្ទផងដែរ ។ នេះពិតជាងាយស្រួលសម្រាប់ការប្រើប្រាស់នៅកន្លែង ដែលមានសេវាទូរស័ព្ទខ្សោយ ឬមិនមានតែម្ដងក៏ដូចជាពេលការប្រើសេវាRoaming តាមរយៈការភ្ជាប់ប្រព័ន្ធ WiFiគ្រប់ទីកន្លែងនៅលើពិភពលោក ។

លោក StjepanUdovicicប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានចាត់ទុកការសម្ពោធSmart WiFi Calling នេះជាវឌ្ឍភាពដ៏សំខាន់មួយដើម្បីសម្រចគោលដៅរបស់Smart ក្នុងការផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទចល័តដ៏ល្អបំផុតនៅទូទាំងប្រទេសកម្ពុជា ។ លោកបានពន្យល់ថា៖“ក្រុមហ៊ុនSmart មានមោទនភាពយ៉ាងខ្លាំងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយបំផុតនិងឈានមុខគេដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសហើយការដាក់ឲ្យដំណើការនៅថ្ងៃនេះគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយទៀតរបស់ក្រុមហ៊ុនSmart ដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ខណៈ ដែលក្រុមហ៊ុនSmart បន្តផ្តល់សេវា4.5G នៅទូទាំងប្រទេសកម្ពុជាការដាក់ឲ្យប្រើប្រាស់នូវសេវា Smart WiFi Calling នឹងផ្តល់ការធានាបន្ថែមមួយកម្រិតទៀតសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Smart និងអ្នក ដែលបានភ្ចាប់សេវាRoaming ទាំងអស់ដោយមិនចាំបាច់មានភាពខ្វល់ខ្វាយ ។ ដោយអាចនិយាយបានថាការភ្ជាប់ WiFiនានាគឺជាផ្នែកមួយនៃសេវាទូរស័ព្ទរបស់ក្រុមហ៊ុនSmart ។ ”

លោក Stjepan បានមានប្រសាសន៍បន្ថែមថា៖ “ទោះបីជាអតិថិជនស្ថិតនៅក្នុងទីតាំង ដែលមានសេវាទូរស័ព្ទចល័តខ្សោយ ឬគ្មានក៏ដោយឥឡូវនេះពួកគាត់អាចធ្វើការហៅចេញ ឬទទួលការហៅចូលជាមួយការភ្ជាប់ប្រព័ន្ធ WiFi ដែលកាលពីមុនគឺមិនអាចធ្វើទៅបាន ។ ការហៅចេញបែបនេះត្រូវបានចាត់ទុកដូចជាការហៅទូរស័ព្ទក្នុងស្រុក ។ ឧទាហរណ៍អ្នកនៅក្នុងជណ្ដើរយន្ដមិនមានសេវាទូរស័ព្ទប៉ុន្ដែមានប្រព័ន្ធ WiFi ដែលដំណើរការល្អដូច្នេះការហៅទូរស័ព្ទរបស់អ្នកនឹងរលូតដោយមិនមានភាពរអាក់រអួលដូចជាអ្នកមានសេវាទូរស័ព្ទពេញតែម្ដង ។ ដូចគ្នានោះដែរពេលអ្នកធ្វើដំណើរកំសាន្ដទៅប្រទេសសឹង្ហបុរី ឬទីកន្លែងណាក៏ដោយនៅពេល ដែលអ្នកភ្ជាប់ប្រព័ន្ធ WiFiនៅសណ្ឋាគារ ឬអាកាសយាន្ដដ្ឋានចាប់ពីពេលនោះមកប្រព័ន្ធក្រុមហ៊ុនSmart នឹងចាត់ទុកថាអ្នកកំពុងនៅប្រទេសកម្ពុជា ។

ដូច្នេះអ្នកអាចធ្វើការហៅចេញទៅកាន់អ្នកប្រើប្រាស់ Smart ដោយការហៅចេញនេះនឹងត្រូវបានចាត់ទុកជាការហៅក្នុងស្រុកដោយមិនមានការបង់ប្រាក់បន្ថែមនោះទេ ។ អញ្ចឹងបានន័យថាវាមិនមានការបង់ប្រាក់សម្រាប់Roaming ក្នុងការធ្វើការហៅនិងទទួលការហៅចូលនោះទេ ។ នេះពិតជាសេវាកម្មដ៏អស្ចារ្យ ដែលកាន់តែងាយស្រួលសម្រាប់ការហៅរបស់អ្នក ។ ក្រុមហ៊ុនSmart គឺជាប្រតិបត្ដិករក្នុងប្រទេសកម្ពុជាតែមួយគត់ ដែលផ្ដល់សេវាកម្មនេះនិងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចក្នងតំបន់ ដែលផ្ដល់សេវានេះ”៕ វឌ្ឍនា


ចែករំលែក៖