ព័ត៌មានទាន់ហេតុការណ៍៖

ជើងហោះហើរទាំងអស់ត្រូវផ្អាកដំណើរ ដោយសារ ឌ្រូន ២គ្រឿង

ចែករំលែក៖

មុននេះបន្តិច ជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិ Gatwich Airport ទីក្រុងឡុង ប្រទេសអង់គ្លេស ត្រូវប្រកាសពន្យារពេលចេញដំណើរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានយន្តហោះពីរគ្រឿង ប្រភេទ ឌ្រូន (Drone) គ្មានមនុស្សបើក ហោះឆ្វែលចុះឆ្វែលឡើងនៅក្បែរៗទីលានហោះហើរ ។

ភ្នាក់ងារព័ត៌មាន The Irish Times ផ្សាយថា ខាងអាកាសយានដ្ឋាន បានចេញសុំទោសចំពោះការពុំសមរម្យដោយសារការពន្យារពេលនេះ ហើយ សុវត្ថិភាព គឺជាបញ្ហាអាទិភាពបំផុត ។

ប្រភពបន្តថា យន្តហោះឌ្រូន គ្មានមនុស្សបើកទាំងពីរគ្រឿង ស្រាប់តែបង្ហាញខ្លួននៅទីលានហោះហើររបស់យន្តហោះ ដែលជាហេតុនាំឲ្យមានការបង្វែរ ពន្យារពេលហោះហើររាល់ជើងហោះហើរទាំងអស់នៅក្នុងអាកាសយានដ្ឋាន Getwich Airport នោះ ។

ការដែលយន្តហោះឌ្រូនបុកនឹងយន្តហោះដឹកអ្នកដំណើររាប់រយនាក់ជាសញ្ញាអាក្រក់មួយ និងជាការដាស់តឿនដល់អ្នកប្រើប្រាស់ឌ្រូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ កន្លងមកថ្មីៗ យន្តហោះដឹកអ្នកដំណើរ ម៉ិចស៊ីកូមួយគ្រឿង បាន «បែកក្បាល» យ៉ាងធ្ងន់ ក្រោយប៉ះជាមួយនឹង យន្តហោះគ្មានមនុស្សបើក (ឌ្រូន) នៅពេលដែលបានបន្ទាប់ខ្លួនដើម្បីចុះចត់ ។

សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការណ៍ខាងលើ កើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ General Abelardo LRodriguezក្នុងទីក្រុង Tijuana ប្រទេសម៉ិចស៊ីកូ ពេលយន្តហោះ Beeing 737-800 របស់ក្រុមហ៊ុន អាកាសចរណ៍ Aeromexicoចុះចត់។ យន្តហោះខាងលើមានជើងហោះហើរ៧៣៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Guadalajara ក្នុងរដ្ឋ Jalisco ពេលទៅដល់អាកាសយានដ្ឋាន អន្តរជាតិ Tijuana ដូចជាបានបុកទៅនឹងអ្វីម៉្សាង ។

គេហទំព័រ Diario De Conimaបានផ្សាយថា ក្រុមអាកាសយានឹក បានរក្សា សណ្តាប់ធ្នាប់ និងស្មារតីរឹងមាំពេលហេតុការណ៍ប៉ះទង្គិចខាងលើកើតឡើង ។ ក្រោយចុះចត អ្នកដំណើរត្រូវបានជម្លៀសជាបន្ទាន់ ចេញពីយន្តហោះទៅកាន់តំបន់មានសុវត្ថិភាព។

នៅពេលនេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុ បណ្តាលឲ្យ មានហេតុការណ៍ប៉ះទង្គិចខាងលើកើតឡើង ។ វាជារឿងមួយដ៏គ្រោះថ្នាក់ ប្រសិនបើ ឌ្រូននោះជារបស់ក្រុមភេរវករមានផ្ទុករំសេវផ្ទុះនោះ ។

ប្រសិនបើគ្រោះថ្នាក់ខាងលើមានពាក់ព័ន្ធ នឹងឌ្រូន គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព យន្តហោះដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានប្រទេសជាច្រើនបាន ហាមប្រាមយន្តហោះគ្មានមនុស្សបើក ហោះហើរដោយសេរី ដោយមិនមានការសុំច្បាប់នោះឡើយ ។ ឌ្រូនតូចៗ មានផលលំបាក់ ក្នុងការតាមដាន ដោយប្រព័ន្ធ រ៉ាដា មិនអាចចាប់បាននោះឡើយ ៕


ចែករំលែក៖