ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ធំ​លើកកម្លាំងទៅកម្ទេចឆ្នាំងបាយ​ពួកមន្ត្រីជលផលដល់​បឹងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងមន្ត្រីនគរបាលខេត្តកំពង់ធំ បានកេណ្ឌប្រមូលគ្នា​ចុះទៅវាយកម្ទេចឆ្នាំងបាយ​របស់ក្រុម​មន្ត្រី​ជលផល​ខេត្តនេះ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ដែលពួកមន្ត្រីជលផល​បានលាក់បាំងឆ្នាំងបាយនោះជាយូរមកហើយ ។ ប្រការនេះ ធ្វើ​ឲ្យក្រុមមន្ត្រីជលផល​រងការអាម៉ាស់ជាខ្លាំងចំពោះមុខមហាជន ជាពិសេសថ្នាក់ដឹកនាំខេត្ត ។ យ៉ាងណាក៏ដោយ ប្រភពអះអាងថា ពួកមន្ត្រីជលផល ស្បែកមុខក្រាស់ៗ មិន​ចេះខ្មាស់អៀន​នោះទេ ។

លោកវរៈសេនីយ៍ត្រី យឹម សោភ័ណ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០១៨។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់លោក អ៉ិត សុធា ព្រះរាជអាជ្ញានសដអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

លោកវរៈសេនីយ៍ត្រី យឹម សោភ័ណ បានបន្តថា ការបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងនៅតំបន់បត់ដៃ តំបន់ដងទង់ តំបន់បឹងប៉ោង តំបន់មាត់ផ្សោត តំបន់ទ្វារបឹង តំបន់កោះតាបរ ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួន រួមមាន៖ លបចំនួន ៤៤ និងបចំនួន ៥ខ្សែ ។

អ្វីដែលជាបញ្ហាដ៏មុតស្រួចក្នុងពេលបំពេញប្រតិបត្តិការខាងលើ គឺលោកបានកត់សម្គាល់ឃើញថា បទល្មើសនេសាទនៅតំបន់ទន្លេសាប ហាក់បីដូចបង្រ្កាបមិនអស់សោះ ហើយលោកបានលើកជាចម្ងល់ថា ឬមួយជំនាញមិនបានដឹងទេ?

លោកបន្តទៀតថា ឮពាក្យប្រជាជននិយាយថា ជំនាញរដ្ឋបាលជលផលតាំងពីថ្នាក់រងខណ្ឌរហូតដល់មន្រ្តី ឃើញចុះមករហូត ប៉ុន្តែមិនដែលឃើញបង្រ្កាបបានសោះ។

អាស្រ័យហេតុនេះ សូមលោកនាយខណ្ឌរដ្ឋបាលជលផល មេត្តាចាត់វិធានការឲ្យមន្រ្តីជលផលចុះពិនិត្យមើលផង មិនមែនបង្រ្កាបបានតែកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តទេ ពោលគឺវាទាល់តែរួមគ្នាទប់ស្តាប់ទើបបាន ។

ពាក់ព័ន្ធនឹងបទល្មើស​នៅចំណុចផាត់សណ្តាយ ស្ថិតក្នុងដែនសមត្ថកិច្ច​លោកយ៉ាន់ វិសាក់ ហៅសែ នេះ ក្រុមប្រជាពលរដ្ឋ​អ្នកនេសាទ​និយាយថា គេមិនដែលឃើញពួកមន្ត្រីជលផលចុះមកបង្ក្រាបបទល្មើសនោះទេ​គឺឮតែទូរស័ព្ទ​ទាក់ទងចុះឡើង ដើម្បីរកប្រយោជន៍តែប៉ុណ្ណោះ ។ លោកយ៉ាន់ វិសាក់ ត្រូវបានប្រជាពលរដ្ឋអះអាងថា ជាមេខ្យល់ធំក្នុងនាមខ្លួនជាមន្ត្រីជំនាញ ដែលពាក់ព័ន្ធនឹងការកសាងបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ លោកយ៉ាន់ វិសាក់ បានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា បទល្មើស​មានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ។

លោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល​កំពង់ធំអះអាងថា បទល្មើសនេសាទ​នៅបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ​មិនមានទ្រង់ទ្រាយធំនោះទេ ហើយកម្លាំងរបស់លោក​ក៏តែងតែចុះទៅបង្ក្រាបញឹកញាប់ដែរ ។ ប៉ុន្តែ​បើថា បង្ក្រាប​ឲ្យអស់ គ្មានសល់មួយកន្លែងនោះ គឺមិនអាចទេ ។ លោកទទួលស្គាល់ថា មានចំណុចឆកល្វែងក្នុងការបង្ក្រាប ។

ប្រជានេសាទនិយាយថា ចំណុចឆកល្វែងរបស់ពួកមន្ត្រីជលផល គឺជាអ្វី​ដែលប្រជាពលរដ្ឋគិតថា ពាក់ព័ន្ធនឹងអំពើពុករលួយ ។ ពោលគឺ​អ្នកដែលអាចនេសាទល្មើសច្បាប់បាន សុទ្ធតែត្រូវ​ពាក់ព័ន្ធជាមួយមន្ត្រីជលផល ។

នេះជាភាពអាម៉ាស់មួយដែលក្រុមមន្ត្រីនគរបាលខេត្តកំពង់ធំ​បានធ្វើឡើង ។ គេរំពឹងថា អាជ្ញាធរខេត្ត​ ជាពិសេស​លោកសុខ លូ គួរតែ​កោះហៅថ្នាក់ដឹកនាំ និងមន្ត្រីជលផលខេត្ត​ពាក់ព័ន្ធ​នឹងករណី​នេះផង ៕ ហេង សូរិយា


ចែករំលែក៖