ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ បានរងការខូចខាតបន្ទាប់ពីបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន បានគេចម៉ូតូមួយគ្រឿង កំពុងបើ​កឆ្លងផ្លូវ​ ក៏រេចង្កូតជ្រុលទៅបុកពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី២១ ខែធ្នូ​​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខ​ធនាគារ​ កាថេ​ យូណៃធីត (មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) លើកំណាត់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យ​​ដឹងថា មុនកើតហេតុ​ គេឃើញរថយន្តមួយគ្រឿង ​ម៉ាក Prius ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AF-3991 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា​ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿង​ ជិះឆ្លងផ្លូវ​ ទើបរថយន្តគេចពីម៉ូតូនោះ​ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតចេញពីផ្លូវនិងខូចខាត អស់២ផ្ទាំង ចំណែករថយន្តបានផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ព្រមទាំងដាច់កង់ខាងឆ្វេង​ បើកទៅមុខលែងរួច​ ចំណែកអ្នកបើកបររថយន្ត​ បានហោះទៅបោកនឹងកញ្ចក់រថយន្តខាងមុខ​ ទាក់ខ្សែក្រវ៉ាត់​រឹត.ក​ និងទ្រូង​ របួសផងដែរ។

ក្រោយមក​ សមត្ថកិច្ចផ្នែកចរាចរណ៍​នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានហៅរថយន្តមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ។

គួរ​បញ្ជាក់​ថា នៅពេលកន្លងមក​ ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ ​គឺរបាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវ​នោះ តែងតែមានយានយន្តបើកទៅបុកជា​រឿយៗ​ ព្រោះ​មិនមានដាក់​ស្លាក​សញ្ញា ឬ​ចំណាំង​ផ្លាត​អ្វី​នោះទេ​​ ៕ សុខាសែនជ័យ


ចែករំលែក៖